សាជី ត្បាញអំពីឫស្សី

ដូចយើងដឹងស្រាប់ សាជីតែងមានរាងមូលក្រឡូម ស្រួចទៅលើ ហើយជាវត្ថុសម្រាប់គ្របម្ហូបអាហារក្នុងរយៈពេលណាមួយ។ ជាប្រពៃណីរៀងមក សាជីតែងមានគ្រប់ទីកន្លែង មិនថានៅតាមផ្ទះ ឬវត្តអារាម មិនថាសម្រាប់អាហាររាល់ថ្ងៃ ឬពេលមានបុណ្យទានឡើយ។ នៅក្នុងកិច្ចពិធីផ្សេង ៗក៏ឃើញមានប្រើសាជីផងដែរ។

វត្ថុធាតុប្រើសម្រាប់ធ្វើសាជីនេះតែងខុសៗគ្នាទៅតាមតម្រូវការ។ ប្រើគ្រាន់តែធ្វើដើម្បីគ្របអាហារមួយពេល ឬពីរពេលហើយចោល ផ្ទាំងដែលពាសនោះអាចជាក្រដាស ឬស្លឹកចេកជាដើម។ បើទុកប្រើឱ្យបានវែងឆ្ងាយជាងនោះ គេប្រើរុក្ខជាតិអ្វីមួយដែលជាប់ជាងនេះមានស្លឹកត្នោត ឫស្សី ឬក៏ស្លឹកអ្វីទៀតដែលមាននៅតាមបរិស្ថានតំបន់នីមួយៗ។

ថ្ងៃនេះ ខ្ញុំសូមលើកយករបៀបធ្វើសាជីមួយមកបង្ហាញដោយសង្ខេប ដែលគេធ្វើនៅភូមិមួយក្នុងស្រុកកោះធំ។ ក្នុងការធ្វើនេះគេផ្តើមពុះឫស្សី យកមកបិតឱ្យបានស្តើងល្អដោយប្រើកាំបិតបន្ទោះ គេរែងបន្ទះស្តើងតូចៗនេះឱ្យជាប់គ្នាបន្តិចសិន ទើបចាប់កពីកំពូលមកមុន ដោយមានដុំឈើដែលមានចុងស្រួចជាទ្រនាប់ ហើយគេត្រូវប្រយ័ត្នពីការកដំបូងនេះ ដ្បិតវាអាចវៀច ឬខុសគោម។ លុះបានជាកំពូលស្រួចបន្តិចហើយ គេប្តូរទ្រនាប់ដែលមានរូបរាងធំដើម្បីត្បាញបន្តទៀត។ គេបន្តត្បាញរហូតដល់បានរាងសាជីទាំងមូល រួចហើយកាត់តម្រឹមបន្ទោះឫស្សីដែលជាបាតនោះឱ្យស្មើគ្នា មុននឹងចាប់ក្តាប់បាតសាជីនោះ។ កណ្តាប់នេះគេធ្វើតាមក្បាច់មួយហៅថា «ជើងក្អែប»។ និយាយរៀបរាប់មកនេះ គឺបានរួចរាល់រូបរាងសាជី តែនៅខ្វះកំពូល។ ឈើដែលមកធ្វើជាកំពូលភាគច្រើនគឺ គគីរ និងប្រេងខ្យល់។ កំពូលនេះពិបាកធ្វើជាងតួសាជី ដ្បិតគេត្រូវក្រឡឹងដោយប្រើអន្ទោក៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.yosothor.org/publications/khmer-renaissance/chapter-one/I_77.html

ថ្ងៃទី ១១ មេសា ២០២៣