វិធីសាមញ្ញៗមួយចំនួនដើម្បីឱ្យសុខភាពផ្លូវចិត្តរឹងមាំ ចៀសវាងការមានអារម្មណ៍ធុញថប់

ប្រាកដណាស់ ជួនកាលជីវិតនេះអាចធ្វើឱ្យយើងមានអារម្មណ៍ទន់ខ្សោយផ្នែកផ្លូវចិត្ត ប៉ុន្តែនៅពេលយើងមានភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្ត នោះយើងអាចបំពេញតម្រូវការផ្នែកផ្លូវចិត្តរបស់យើង ហើយដោះស្រាយបានទាំងកាលៈទេសៈល្អ និងអាក្រក់ប្រចាំថ្ងៃ។ នេះពុំមែនមានន័យថា យើងពុំត្រូវការជំនួយនោះទេ។ ផ្ទុយទៅវិញ ការមានភាពខ្លួនទីពឹងខ្លួនផ្នែកផ្លូវចិត្តគឺការដឹងថា តើពេលណាយើងអាចដោះស្រាយសម្ពាធផ្លូវចិត្តបានដោយខ្លួនឯង និងការដឹងថា តើពេលណាយើងត្រូវការឈោងទៅរកជំនួយ និងការគាំទ្រពីមនុស្សដទៃ?

នៅពេលអ្នកមានអារម្មណ៍ហត់នឿយផ្នែកផ្លូវចិត្ត អ្នកគួរសាកល្បងវិធីសាស្រ្តសាមញ្ញៗមួយចំនួនដើម្បីទទួលបានអារម្មណ៍ល្អពេញលេញឡើងវិញ ១០០ភាគរយ ដូចខាងក្រោម៖

១. ថែទាំសុខភាពរាងកាយរបស់អ្នកឱ្យបានល្អ : សូមប្រាកដថា អ្នកបរិភោគអាហារបានល្អ គេងបានគ្រប់គ្រាន់ និងហាត់ប្រាណ ។ សុខភាពរាងកាយរបស់យើងជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តរបស់យើង។

២. និយាយប្រាប់មិត្តភក្តិស្និទ្ធស្នាល ឬគ្រួសារអ្នកដោយត្រង់ៗអំពីអារម្មណ៍របស់អ្នក : ការពិភាក្សាអំពីអារម្មណ៍របស់អ្នកជាមួយមនុស្សស្និទ្ធស្នាល គឺជាវិធីដ៏ប្រសើរមួយដែលអាចជួយឱ្យសុខភាពផ្លូវចិត្តរបស់អ្នកមានតុល្យភាព។

៣. ព្យាយាមធ្វើឱ្យមានតុល្យភាពក្នុងជីវិតរបស់អ្នក : សូមពិនិត្យមើលពេលវេលា និងកម្លាំងដែលអ្នកបានផ្តល់ដល់គ្រួសារ ខ្លួនឯង ការបម្រើការងារ និងការកម្សាន្ត។ នៅពេលផ្នែកណាមួយត្រូវបានចំណាយពេល និងកម្លាំងច្រើនជាងផ្នែកមួយផ្សេងទៀត នោះអ្នកចាប់ផ្តើមគេងមិនគ្រាប់គ្រាន់ អស់កម្លាំង និងខ្វះការផ្តោតចិត្តទុកដាក់។ នេះមានន័យថា វាជាពេលដែលត្រូវវាយតម្លៃឡើងវិញ ហើយរៀបចំឱ្យមានតុល្យភាពឡើងវិញ។

៤. កុំពន្យារពេល : ការពន្យារពេលដល់រឿងទាំងឡាយអាចនាំទៅរកការបាក់ទឹកចិត្ត។ សូមបំបែកកិច្ចការធំៗទៅជាបំណែកតូចៗ ហើយចាប់ផ្ដើមដោយរំឭកខ្លួនឯងថា « អ្វីទាំងអស់ដែលខ្ញុំត្រូវធ្វើនៅពេលនេះគឺ» ឬ «ខ្ញុំនឹងធ្វើកិច្ចការនេះតែប៉ុន្មាននាទីប៉ុណ្ណោះ រួចហើយសម្រាកបើខ្ញុំចង់»។

៥. រក្សាក្តីសង្ឃឹមនៅចំពោះមុខសកម្មភាពរបស់ខ្លួនដើម្បីភាពជោគជ័យ : ការព្រួយបារម្ភអាចជាវិធីមួយនៃការបរាជ័យផ្នែកផ្លូវចិត្ត។ ជំនួសឱ្យការព្រួយបារម្ភ «ថាតើវានឹងប្រែទៅជាយ៉ាងណា» នោះសូមអនុវត្តធ្វើផែនការដើម្បីសម្រេចការងារខាងមុខ។ ប្រសិនបើកិច្ចការទាំងឡាយពុំបានកើតឡើងដូចអ្វីដែលអ្នកសង្ឃឹមទុក សូមស្រមើស្រមៃថា ខ្លួនអ្នកកំពុងរៀនពីឧបសគ្គនោះ ហើយកំពុងឆ្ពោះទៅមុខ។

៦. ផ្តោតទៅលើអ្វីដែលអ្នកធ្វើត្រឹមត្រូវ ហើយចៀសវាងពីការប្រៀបធៀបខ្លួនរបស់អ្នកទៅនឹងមនុស្សដទៃ : មនុស្សដែលមានការរំពឹងទុកខ្ពស់ពេកតែងតែផ្ដោតលើភាពទន់ខ្សោយ និងបរាជ័យរបស់ខ្លួនយ៉ាងខ្លាំង។ សូមដាក់ផែនការអំពីរបៀបដែលអ្នកអាចប្រើប្រាស់ចំណុចខ្លាំងទាំងនោះប្រកបដោយការច្នៃប្រឌិត សម្រាប់ពេលទៅខាងមុខ។

៧. ចូរបំភ្លេចចោលនូវអ្វីដែលអ្នកពុំអាចគ្រប់គ្រងបាន : អតីតកាល សិទ្ធិជ្រើសរើសរបស់មនុស្សដទៃ អាកាសធាតុ ឬអត្តចរិតរបស់មនុស្សដទៃ គឺហួសពីការគ្រប់គ្រងរបស់អ្នក។ សូមផ្ដោតលើរឿងទាំងឡាយដែលអ្នកអាចធ្វើបាន ដូចជាអាកប្បកិរិយារបស់អ្នក ផ្នែករបស់អ្នកនៅក្នុងទំនាក់ទំនងមួយ ជម្រើសបច្ចុប្បន្នរបស់អ្នក និងឥរិយាបថរបស់អ្នក។

៨. សូមទទួលយកការពិតនៃទម្លាប់ដ៏ធុញទ្រាន់មួយចំនួន : ជីវិតពុំមែនសុទ្ធតែពោរពេញដោយរឿងមានន័យ ហើយរំភើបរីករាយនោះទេ។ ចូរចៀសវាងពីការបង្កើតឆាកល្ខោន ប្រើកម្លាំង ឬធ្វើឱ្យមានជម្លោះដើម្បីដោះស្រាយនឹងភាពអផ្សុក។ ផ្ទុយទៅវិញ សូមមានភាពរីករាយចំពោះរឿងល្អៗនៅជុំវិញអ្នក ហើយស្វែងរកវិធីដើម្បីកែលម្អរឿងមិនល្អឱ្យទៅជាល្អ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
-  https://www.churchofjesuschrist.org
-  www.icrc.org
-  www.psychiatry.org