អេកូទេសចរណ៍ឃុំព្រះរំកិល

ទេសចរណ៍សហគមន៍ គឺជាដំណើរការកម្សាន្តមួយទៅតំបន់ណាមួយដែលមានប្រជាជននៅក្នុង សហគមន៍ ឬមានបេតិកភណ្ឌដែលមានធនធានសម្រាប់ទាក់ទាញ ឬជាកន្លែងដែលអាចផ្តល់នូវ ផលិតផលជាច្រើន។ ការអភិវឌ្ឍអេកូទេសចរណ៍ ដោយមានការចូលរួមពីសហគមន៍ ជាបុព្វហេតុមួយ នាំឱ្យមានការយល់ដឹងកាន់តែច្រើនឡើងរបស់សហគមន៍ពីកាលានុវត្តភាពនៃវត្តមានអេកូទេសចរណ៍នៅទីកន្លែងដែលសហគមន៍បានរៀបចំបានល្អ នឹងមានកម្មសិទ្ធិលើដីធ្លី ដែលជាកេរតំណែលគេពិនិត្យ ឃើញថាសហគមន៍នោះទទួលបានភាពជោគជ័យច្រើនក្នុងការទាញយកនូវផលប្រយោជន៍សេដ្ឋកិច្ចពីអេកូទេសចរណ៍នៅក្នុងតំបន់ធម្មជាតិ។ 

ក្រៅពីផលចំណេញផ្នែកសេដ្ឋកិច្ចជាតិ សហគមន៍ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ ក៏ជាប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋនៅក្នុងតំបន់ និងពិសេសជាងនេះវាអាចរួមចំណែកថែរក្សាធនធានធម្មជាតិនៅកម្ពុជាបានប្រកបដោយប្រសិទ្ធភាព។ ក្នុងចំណោមសហគមន៍ទេសចរណ៍ជាច្រើន សហគមន៍អេកូទេសចរណ៍ឃុំព្រះរំកិល គឺជាតំបន់ទេសចរណ៍មួយស្ថិតនៅស្រុកថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង  ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ។ សហគមន៍ទេសចរណ៍នេះ បានទាក់ទាញភ្ញៀវទេសចរ ជិះទូកកម្សាន្ត ទស្សនាសត្វផ្សោត ការថតរូបទុកជាអនុស្សាវរីយ និងឆ្លងកាត់ទៅទស្សនាព្រំប្រទល់ប្រទេសឡាវផងដែរ។ សហគមន៍អេកូទេសចរណ៍នាប៉ែកឦសានប្រទេសកម្ពុជា ដែលជាប់ដងទន្លេមេគង្គនេះ បានបង្ហាញសម្រស់យ៉ាងស្រស់ស្អាតឱ្យភ្ញៀវទេសចរទៅកម្សាន្តមិនថាថ្ងៃធម្មតា ឬថ្ងៃឈប់សម្រាកឡើយ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.rfi.fr/km