វត្តមានក្រមាក្នុងវប្បធម៌ និងក្នុងផ្នត់គំនិតនៃការប្រើប្រាស់

នៅក្នុងសង្គមខ្មែរយើងក្រមាដែលត្បាញជាទូទៅមាន២ប្រភេទខុសគ្នា គឺការត្បាញជាក្រណាត់ (Thread Scarf) និងការត្បាញកូនកន្សែងសូត្រ (Silk Scarf)។ ការត្បាញជាក្រណាត់ គឺគេប្រើប្រាស់អំបោះដែលបានមកពីកប្បាស។ ហើយការត្បាញជាកូនកន្សែងសូត្រវិញ គឺគេប្រើប្រាស់អំបោះដែលយកចេញពីសូត្រដង្កូវនាង។
យោងតាមការស្រាវជ្រាវទៅលើប្រភេទក្រមាទាំងពីរនេះ ប្រជាជនខ្មែរនិយមប្រើប្រាស់កន្សែងសាច់ក្រណាត់ជាជាងកន្សែងសូត្រនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ ដោយសារប្រភេទកន្សែងនេះងាយស្រួលថែទាំ និងងាយបោកគក់។ រីឯចំពោះកន្សែងសូត្រវិញ គេនិយមប្រើប្រាស់ជាវត្ថុអនុស្សាវរីយ៍។កន្សែងសូត្រមិនអាចយកទៅបោកគក់ជាមួយទឹកធម្មតាបានទេ ដោយសារសាច់អំបោះសូត្រអាចខូចទ្រង់ទ្រាយ ពេលត្រូវទឹកសើម។ តែបើយើងក្រលេកមើលទៅក្នុងវប្បធម៌ នៃការប្រើប្រាស់ក្រមាខ្មែរ និងអត្ថន័យនៃការប្រើប្រាស់វិញនោះ ក្រមាបានបង្ហាញនូវអត្តសញ្ញាណជាតិ និងមានអត្ថប្រយោជន៍យ៉ាងច្រើនទៅដល់ប្រជាជនខ្មែរទាំងមូល ដូចដែលមានតាក់តែងនៅក្នុងកំណាព្យខ្មែររបស់លោកតា ព្រហ្ម   ម៉ាញ។ 

អត្ថន័យ នៃការប្រើប្រាស់នូវក្រមាប្រចាំថ្ងៃគឺប្រើប្រាស់ជាសម្ភារៈវេចខ្ចប់ ជាឆ្នួតក្បាល និងជាកន្សែងរុំខ្លួន ឬក៏ជាសម្ពាយឈៀង។ ចំណែកឯនៅតាមទីជនបទវិញ បុរសដែលមានវ័យជំទង់ តែងតែប្រើប្រាស់ក្រមាយកមកស្លៀកដូចសំពត់ ពេលដែលស្នាក់នៅផ្ទះ ឬផ្លាស់ប្តូរខោអាវពេលងូតទឹក។ ចំពោះនារីវ័យ ជំទង់វិញ គឺគេប្រើប្រាស់ជាសំពត់រុំខ្លួន (រុំលើអាវពីខាងក្រៅ)។ ចំណែកខាងបុរសវិញ ពេលដែលធ្វើដំណើរផ្លូវឆ្ងាយ ពួកគេប្រើប្រាស់ជាខ្សែក្រវ៉ាត់ចង្កេះ។ ម្យ៉ាងវិញទៀតកន្សែងត្រូវបានប្រើប្រាស់ជាសំពត់ដណ្តប់ ឬក៏ជាកម្រាលក្រាលអង្គុយ ឬក៏ក្រាលសម្រាប់គេង។ មួយវិញទៀត បើកន្សែងដែលធំល្មម គេយកមកចងធ្វើជាអង្រឹងសម្រាប់កូនង៉ែតគេង ឬក៏ប្រើប្រាស់ជារង្វេល សម្ពាយ បង្វិច ឬក៏អាចធ្វើជាខ្សែចងមាត់បាវ ឬការ៉ុង និងអាចធ្វើជាចំណងចងអុស ឬចងដើមអំពៅជាដើម។
ប្រជាជនខ្មែរ ដែលមានវ័យចំណាស់ រស់នៅតាមទីជនបទភាគច្រើនតែងប្រើប្រាស់ក្រមាជាកន្សែងបង់ក ឬហៅថា “ ពានា ” នៅពេលពួកគាត់ចូលរួមក្នុងពិធីផ្សេងៗ ឬពេលទៅវត្តជាដើម។ ហើយយើងក៏ឃើញលោកយាយ លោកតា តែងប្រើប្រាស់ក្រមាក្រាលជាព្រំប្រគេនព្រះសង្ឃ ពេលព្រះអង្គទ្រង់ទេសនា ដោយសារតែគេជឿថាការប្រគេនក្រមា អាចធ្វើឱ្យកើតមានឧបនិស្ស័យជាមួយធម្មទេសនា។ ចំណែកឯ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរវិញ ក៏មានការប្រើប្រាស់ក្រមាមករុំលើគ្រឿងរណ្តាប់ “ ស្លាដក់ ឬស្លាកន្សែង ” និងផ្កាស្លា។ 

នៅក្នុងល្បែងប្រជាប្រិយរបស់ខ្មែរក៏មានការប្រើប្រាស់កន្សែងនៅក្នុងល្បែងប្រជាប្រិយនោះផងដែរ ដែលគេយកកន្សែងមករុំជាដុំ ហៅថា ឈូង ឬមូរជាខ្សែសម្រាប់លេងជាល្បែងលាក់កន្សែង ឬយកមកបិទភ្នែកសម្រាប់លេងក្នុងល្បែងវាយក្អម ជាដើម។ នៅឆ្នាំ២០០១ គេបានបង្កើតរបាំមួយដែលមានឈ្មោះថា “ របាំក្រមា”។ ហើយរបាំនេះផងដែរ គេបានយកទៅសម្តែងនៅក្នុងកម្មវិធីវប្បធម៌ជាតិ ដែលបានប្រារព្ធឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០២។ សព្វថ្ងៃនេះ របាំក្រមា ត្រូវបានក្រសួងបញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យ វិចិត្រសិល្បៈ។ ដោយសារក្រមាតែងតែស្ថិតនៅជាប់ជាមួយផ្នត់គំនិតរបស់ប្រជាជនខ្មែរយ៉ាងដូចនេះហើយ ទើបនៅក្នុងផ្នែកមួយនៃសិល្បៈកីឡាដូចជា គុនល្បុត្កតោ ( ក្បាច់គុនខ្មែរ) ក្រមា ត្រូវបានគេប្រើប្រាស់ជាឧបករណ៍វាស់កម្រិតសមត្ថភាព និងកម្រិតក្បាច់គុនដូចជា កម្រិតក្រមាពណ៌ខ្មៅ និងពណ៌មាសជាដើម។ សូម្បីតែនៅក្នុងវិធីការពារខ្លួននៅក្នុងក្បាច់គុនខ្មែរ ក៏មានការប្រើប្រាស់ក្រមាជាយុទ្ធសាស្រ្តការពារខ្លួនផងដែរ។ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://tourismcambodia.org/