គន្លឹះក្នុងការធ្វើឱ្យបេះដូងអ្នកមានសុខភាពល្អ

វីដែលអ្នកទាំងអស់គ្នាមិនបានដឹងនោះគឺថា សុខភាពបេះដូងល្អ ក៏អាចផ្តល់ឱ្យអ្នកនូវសុខភាពផ្លូវចិត្តល្អបានដូចគ្នាផងដែរ ហើយកាលដែលយើងទទួលបាននូវសុខភាពផ្លូវចិត្តល្អហើយនោះ ក៏មានន័យថា អ្វីៗទាំងអស់នៅក្នុងជីវិតរបស់យើង ក៏នឹងមានសភាពល្អប្រសើរទៅតាមនោះផងដែរ។ ការទទួលបាននូវបេះដូងមួយដែលមានសុខភាពល្អ គឺមិនមែនគ្រាន់តែអ្នកត្រូវធ្វើការហាត់ប្រាណតែម្យ៉ាងនោះទេ តែវាត្រូវការនូវកត្តារួមផ្សំជាច្រើនទៀតដូចជា ការហាត់ប្រាណឱ្យបានទៀងទាត់ បរិភោគអាហារឱ្យបានត្រឹមត្រូវ ដោយទទួលបាននូវសារធាតុចិញ្ចឹមក្នុងកម្រិតល្អ និងសម្រាកឱ្យបានគ្រប់គ្រាន់ផងដែរ។ សម្រាប់មនុស្សទាំងឡាយណាដែលគិតថាពួកគេអាចធ្វើការបរិភោគ គេងតិចតួច ឬច្រើនតាមអ្វីដែលគេអាចធ្វើបាន និងគ្រាន់តែព្យាយាមធ្វើការហាត់ប្រាណឱ្យបានច្រើន នោះពួកគេប្រាកដជាមានសុខភាពល្អហើយ តែតាមការពិតនេះ គឺជាការយល់ខុសនោះទេ។ ខាងក្រោមនេះគឺជាគន្លឹះដែលអាចជួយឱ្យអ្នក អាចទទួលបាននូវបេះដូងមួយដែលមានសុខភាពល្អ៖

១. ធ្វើការហាត់ប្រាណឱ្យបានជាប្រចាំ :
ភាគច្រើនអ្វីដែលមនុស្សទូទៅមិនបានធ្វើនោះ គឺការហាត់ប្រាណឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យប្រាកដថា អ្នកមានសុខភាពល្អ ហើយនេះគឺជាផ្នែកមួយដ៏សំខាន់ដែលអាចជួយឱ្យអ្នកមានបេះដូងដែលមានសុខភាពល្អមួយបាន។ ការដើរ ឬរត់យឺតៗឱ្យបាន៣០នាទី ៥ដងក្នុងមួយសប្តាហ៍ ត្រូវបានគេជឿថា វារឿងដ៏ល្អបំផុតហើយ តែតាមពិតនោះគឺវាមិនទាន់គ្រប់គ្រាន់នោះទេ។ ជាការពិត មនុស្សយើងម្នាក់ៗត្រូវធ្វើការដើរ ឬរត់យឺតៗឱ្យបានយ៉ាងហោចណាស់០១ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីធ្វើឱ្យបេះដូងរបស់យើងច្របាច់ឈាមបានសព្វ និងមានដំណើរការបានល្អជាងមុន។

២. ទទួលទានអាហារដែលផ្តល់ផលល្អចំពោះសុខភាព :
មនុស្សជាច្រើនយល់ថា ឱ្យតែពួកគេបានធ្វើការហាត់ប្រាណជាប្រចាំហើយ នោះគេប្រាកដជាអាចញុំាអ្វីៗបានតាមដែលចិត្តចង់។ ការទទួលទានអាហារដែលផ្តល់ផលល្អចំពោះសុខភាព អាចធ្វើឱ្យយើងប្រាកដក្នុងចិត្តបានថា បេះដូងរបស់យើងទទួលបាននូវកម្រិតសារធាតុចិញ្ចឹម និងវីតាមីនបានគ្រប់គ្រាន់។ អ្វីដែលអ្នកត្រូវកំណត់បរិមាណក្នុងការទទួលទានឱ្យបានត្រឹមត្រូវ នោះគឺដូចជាពពួកអាហារបំពងសម្បូរជាតិខ្លាញ់ និងមានជាតិប្រូម៉ាសច្រើន ពីព្រោះពួកវាអាចធ្វើឱ្យសរសៃអាកទែអ្នកកកស្ទះជាតិខ្លាញ់ និងកំណត់នូវបរិមាណឈាមដែលត្រូវហូរចូលទៅក្នុងបេះដូង។

៣. ត្រូវមានការប្រុងប្រយ័ត្នចំពោះភេសជ្ជៈដែលអ្នកញុំា :
នេះជាចំណុចមួយដែលអ្នកគួរធ្វើការពិចារណាឱ្យបានដិតដល់ ព្រោះមនុស្សភាគច្រើនតែងញុំាស្រាបៀរទឹកសូដា និងកាហ្វេក្នុងបរិមាណមួយដ៏ច្រើន។ ភេសជ្ជៈដែលល្អបំផុតសម្រាប់អ្នកក្នុងការញុំានោះគឺទឹកធម្មតា នោះក៏ដោយសារតែរាងកាយរបស់មនុស្សយើង គឺផ្តុំឡើងទៅដោយសារធាតុរាវជាច្រើន ហើយវាតែងត្រូវការនូវការបង្គ្រប់ និងផ្តល់ថាមពលបន្ថែមទៀតនៅពេលដែលយើងធ្វើការហត់។ យ៉ាងហោចណាស់ អ្នកគួរធ្វើការញុំាទឹកឱ្យបាន០៨កែវយ៉ាងតិចក្នុងមួយថ្ងៃ។

គន្លឹះទាំង០៣ខាងលើនេះនឹងមិនជាបញ្ហាពិបាកក្នុងការអនុវត្តតាមនោះទេ  អ្វីដែលសំខាន់គឺអ្នកត្រូវរក្សាធ្វើវាឱ្យបានខ្ជាប់ខ្ជួន នោះអ្នកនឹងទទួលបាននូវបេះដូងមួយដែលមានសុខភាពល្អ ជាក់ជាមិនខានឡើយ៕