គន្លឹះ និងទម្លាប់ល្អ៥យ៉ាងក្នុងការថតរូបដោយប្រើទូរសព្ទដៃ

បុគ្គលមួយចំនួនធំប្រើប្រាស់ស្មាតហ្វូនដើម្បីទំនាក់ទំនងការងាររកស៊ី  ឬក្នុងគោលបំណងថតរូបស្អាតៗចែករំលែកក្នុងបណ្តាញសង្គមផ្សារភ្ជាប់ទំនាក់ទំនងគ្នា តែភាគច្រើនមិនទាន់យល់ដឹង និងរៀនពីវិធីសាស្រ្តក្នុងការថតរូបស្អាតៗ និងប្លែកៗនោះទេ។ ក្នុងការប្រើប្រាស់ស្មាតហ្វូន ដើម្បីថតរូបបានល្អ និងស្អាត យើងគួរដឹងអំពីគន្លឹះ និងទម្លាប់ល្អ មុនចាប់ផ្តើមថតរូប។ ខាងក្រោមនេះគឺជាគន្លឹះពិសេស៥យ៉ាងដែលគួរពិចារណា៖

គន្លឹះទី១  ជូតសម្អាតត្រង់កពា្ចក់កាមេរ៉ា ឬលេន : 
ជាទូទៅអ្នកទាំងអស់គ្នាតែងតែភ្លេចជូតសម្អាតត្រង់កពា្ចក់កាមេរ៉ា ឬលេន ជាហេតុធ្វើឱ្យរូបភាពមាន   លក្ខណៈស្រអាប់ ឬមិនសូវច្បាស់ល្អ ប្រសិនបើអ្នកមិនបានជូតសម្អាតកាមេរ៉ាជាមុន នោះរូបភាពល្អៗនឹងមិនងាយថតបាន២ដងឡើយ។ ដូច្នេះ ចៀសវាងការស្តាយក្រោយ អ្នកគប្បីគួរសម្អាតកាមេរ៉ាឱ្យបានញឹកញាប់មុននឹងចាប់ផ្តើមថតរូប។

គន្លឹះទី២ បើកមុខងារ Grid Line :
អ្នកគួរបើកមុខងារ Grid Line នៅលើកាមេរ៉ា។ Grid Line គឺជាខ្សែបន្ទាត់ផ្តេកពីរ និងបពា្ឈរពីររត់កាត់គ្នា ដែលជាទូទៅគេហៅថាខ្សែបន្ទាត់ Rule of Thirds។ ការដាក់ខ្សែបន្ទាត់នេះ គឺងាយស្រួលក្នុងការដាក់មើលប្លង់ ដើម្បីកុំឱ្យលម្អៀង មិនត្រង់ មិនស្មើ និងងាយស្រួលក្នុងការដាក់ទីតាំងឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតនៃប្លង់នីមួយៗផងដែរ។

គន្លឹះទី៣ ការចុច Focus : 
នៅពេលដែលយើងចង់សំដៅថតអ្វីមួយ សូមកុំភ្លេចប្រើម្រាមដៃចុចឱ្យចំណុចសំខាន់ ឬទីតាំង ឬរូបមនុស្សជាមុនសិន ឬចុចឱ្យជាប់អូសឡើងលើចុះក្រោម ដើម្បីសារ៉េពន្លឺ មុននឹងធ្វើការថត ការធ្វើបែបនេះគឺដើម្បីឱ្យរូបភាពមានសភាពច្បាស់ល្អ ភ្លឺ និងមិនព្រាល។

គន្លឹះទី៤ របៀបកាន់ទូរសព្ទតម្រូវទីតាំងតាមប្រធានបទ ឬមនុស្ស : 
របៀបកាន់ទូរសព្ទក៏សំខាន់ផងដែរ ពោលគឺបើយើងជាអ្នកថត យើងត្រូវដឹងថាកាន់ទូរសព្ទបែបណា ដាក់ខិតក្រោម ឬខិតលើ ឬផ្តេក ឬបពា្ឈរ ឬខិតឆ្វេងស្តាំ ធ្វើយ៉ាងណាឱ្យរូបចេញមកស្អាត ពិសេសគួរប្រាប់អ្នកដែលយើងថតឱ្យថយក្រោយ ឬមកមុខ ខិតឆ្វេង ឬស្តាំ ដើម្បីឱ្យស៊ីគ្នានឹងប្លង់ផ្ទៃខាងក្រោយ។

គន្លឹះទី៥ វិធី Zoom : 
ការទាញវត្ថុមកជិតដើម្បីធ្វើការថត មិនមែនជាការល្អប្រសើរ និងងាយស្រួលនោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់គុណភាពរូប ប៉ុន្តែនាពេលបច្ចុប្បននេះមានក្រុមហ៊ុនស្មាតហ្វូនមួយចំនួនបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗនៅក្នុងកាមេរ៉ារបស់ខ្លួនដែលហៅថាឌីជីថលហ្សូម ដែលអាចរក្សាគុណភាពរូបក្នុងកម្រិត 2X ឬ 5X រហូតដល់ 10X ហ្សូម បានយ៉ាងល្អប្រសើរ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://news.sabay.com.kh