ការធ្វើការងារផ្ទះមិនមែនសម្រាប់តែស្រី្តទេ

ជាការពិតណាស់ នៅកាលពីសម័យមុនប្រពៃណីបុរាណរបស់បុព្វបុរសខ្មែរ ការឱ្យតម្លៃលើស្ត្រីពិតជាមិនត្រូវបានគេលើកកម្ពស់ឱ្យស្មើនឹងបុរសឡើយ។ ការជាប់ជំពាក់ជាមួយផ្នត់គំនិតចាស់ ទំនៀមទម្លាប់ប្រពៃណី ធ្វើឱ្យគេគិតថាស្ត្រីគ្រាន់តែជាទាសកររបស់បុរស ទាសករកិច្ចការផ្ទះសម្បែង មើលថែកូនចៅ ត្បាញ និងកិច្ចការក្នុងផ្ទះជាច្រើនផ្សេងៗទៀត។ ហេតុផលនេះ ដូនតាខ្មែរមានទស្សនៈមួយក្នុងទិសដៅបិទសិទ្ធិ និងសេរីភាពរបស់ស្ត្រី។ បន្ថែមពីនេះដូនតាបែរគិតថា ស្ត្រីមិនអាចសម្រេចកិច្ចការធំបានទេ ស្ត្រីគ្មានសមត្ថភាព ស្ត្រីមិនយល់កាលៈទេសៈ ស្ត្រីទន់ជ្រាយ ហេតុនេះហើយដូនតាមិនអនុញ្ញាត្តិឱ្យស្ត្រីទទួលបានសិទ្ធិក្នុងការសិក្សារៀនសូត្រ ពង្រឹងគំនិតស្មារតី ដើម្បីប្រឡូកក្នុងសង្គមឡើយ។

បច្ចុប្បន្នភាពគេមិនគួរលើកយកមកនិយាយ នាំតែឱ្យកើតមានគំនិតរើសអើងភេទ និងការបង្កហិង្សាផ្នែកគំនិតរវាងបុរសនិងស្ត្រី និងជម្លោះផ្នែកការទាមទារសិទ្ធិ សេរីភាពនោះឡើយ។ សម្រាប់ការយល់ឃើញរបស់ខ្ញុំ ការជួយធ្វើការងារផ្ទះដូចជា លាងចាន ធ្វើម្ហូប មើលថែកូន និងការងារជាច្រើនទៀតដែលរាប់ជាកិច្ចការផ្ទះ គឺមិនតម្រូវឱ្យតែស្រី្តអ្នកធ្វើកិច្ចការទាំងនោះឡើយ។ យើងជាបុរសគួរតែជួយសម្រួលការងារទាំងនេះជាមួយមនុស្សដែលយើងស្រលាញ់ ហើយដោយក្តីស្រលាញ់ចេញពីចិត្តរបស់យើង នោះយើងនឹងទទួលបានសុភមង្គលក្នុងគ្រួសារ៕