ដំណើរទស្សនកិច្ចសិក្សាលើកទី១ ទៅកាន់ផ្សារ ម៉ាក្រូ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា

កាលពី​ថ្ងៃទី​២១ ​ខែធ្នូ​ ឆ្នាំ២០២២ កន្លងទៅ​នេះ​ គណៈកម្មការ​ និង​លោកគ្រូ​ អ្នកគ្រូ​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង សាខាសៀមរាប​ បាន​នាំ​សិស្ស​ថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ​ទៅកាន់ផ្សារ ម៉ាក្រូ នៅក្រុងសៀមរាប​ដែលជាដំណើរទស្សនកិច្ចសិក្សាលើកទី១។ សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ធ្វើទស្សនកិច្ច​សិក្សា​នោះ​ ​ពួកគេ​ម្នា​ក់ៗ​មានការ​រីករាយ​ជាមួយនឹង​ការ​ដើរមើល​ក្នុង​ផ្សារ​នោះ​ណាស់​។ ​លោកគ្រូ​អ្នកគ្រូ​បាន​ណែនាំ​សិស្ស​ឱ្យ​ស្គាល់​ពី​ ប្រភេទ​បន្លែ​ ផ្លែឈើ​ ត្រី​ សាច់​ និង​មុខ​ទំ​និញ​ផ្សេង​ៗជាច្រើន​ទៀត​នៅក្នុង​ផ្សារ​ទំនើប​នោះ​។ ការ​បង្រៀន​សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា​ឱ្យ​ស្គាល់​ពី​ទិដ្ឋភាព​សង្គម​ជាក់ស្តែង​ ជា​វិធី​សាស្រ្ត​ដ៏​ល្អ​ប្រសើរ​មួយ​ជួយ​ឱ្យ​ខួរក្បាល​ក្មេង​ឆាប់​ទទួល​ និង​ចងចាំ​បាន​ល្អ​នូវ​អ្វី​ដែល​ពួកគេ​បាន​ជួបប្រទះ​ដោយ​ផ្ទាល់​។ ​កុមារ​ក្រៅតែ​ពី​ការសិក្សា​ក្នុង​ថ្នាក់រៀន​ គេ​ក៏​ត្រូវការ​ឈ្វេងយល់​ពី​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​គេ​ដែរ​។ ផ្ទុយ​មកវិញ​ បើ​កុមារ​គ្មាន​ឱកាស​ឈ្វេងយល់​ពីសង្គម​ខាងក្រៅ​នោះ​ទេ​ ពួកគេ​ក៏​មិន​អាច​រីកចម្រើន​ល្អ​បាន​ដែរ​ ហើយ​ពេល​ដែលគេ​ជួប​បញ្ហា​តូចតាច​ធ្វើ​ឱ្យ​គេ​ឆាប់​ភ័យខ្លាច​ រួញរា​ និង​ឆាប់​បាក់​ស្មារតី​ក៏​មាន​។