លោកស្រី សាត សារឿន បានទទួលបរិញ្ញាបត្រអក្សរសាស្រ្ត-មនុស្សសាស្ត្រ ឯកទេសអក្សរ សាស្រ្តខ្មែរនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៦ នៅសាកលវិទ្យាល័យភ្នំពេញ ដែលបច្ចុប្បន្នមាន ឈ្មោះថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកស្រីបានបន្តការសិក្សានៅមហាវិទ្យាល័យ គរុកោ សល្យ (វិទ្យាស្ថានជាតិអប់រំ) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៦ ជាគរុនិស្សិតជំនាន់ទី២ និងទទួលសញ្ញាបត្រគ្រូមធ្យមសិក្សាកម្រិត២(គ្រូកម្រិតឧត្តម) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៧។
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៧ លោកស្រីបានស្ម័គ្រចិត្តទៅបម្រើការងារនៅខេត្តសៀមរាប ក្នុងតួនាទីជាគ្រូបង្រៀនភាសាខ្មែរផ្នែកមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យពួក ដែលស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ នៅឆ្នាំ១៩៩៨ ត្រូវបានគណៈកម្មាការវិទ្យាល័យពួក ដំឡើងតួនាទីលោកស្រីជា ប្រធានក្រុមបច្ចេកទេសភាសាខ្មែរទាំងកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិប្រចាំវិទ្យាល័យ បន្ទាប់ មកនៅឆ្នាំ២០០៤ គណៈកម្មាការវិទ្យាល័យក៏បានតែងតាំងលោកស្រីជានាយិការងបម្រុង។ ប៉ុន្តែនៅ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០០៥ លោកស្រីក៏បានផ្ទេរការងារមកបម្រើការនៅវិទ្យាល័យឥន្រ្ទទេវី ដែលស្ថិត នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញវិញ។
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៧ លោកស្រីបានចូលបម្រើការងារនៅវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជាអគ្គលេខាធិការកម្មវិធីសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបន្ទុកឯកសារសិស្សពីថ្នាក់មត្តេយ្យសិក្សា ដល់សិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ បន្ទាប់មកនៅខែសីហា ឆ្នាំ២០០៨ គណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានដំឡើង តួនាទីលោកស្រីទៅជាចាងហ្វាងរងទទួលបន្ទុករដ្ឋបាលអប់រំ ហើយបន្ទាប់មកទៀតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១០ បានឡើងតួនាទីទៅជាសមាជិកក្រុមប្រឹក្សាភិបាលបម្រុងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១០ ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សាភិបាលពេញសិទ្ធិ។
ក្រោយមកទៀតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១១ លោកស្រី បានបន្តឡើងតួនាទីជាប្រធានផ្នែកលេខាធិការកម្មវិធីសិក្សានៃ សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបន្ថែមពីលើតួនាទីជាចាងហ្វាងរងទទួលបន្ទុករដ្ឋបាលអប់រំ។ យោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ក្នុងការបំពេញការងារក្នុងរយៈពេលច្រើនឆ្នាំកន្លងមក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ លោកស្រីក៏បាន ដំឡើងតួនាទីជាចាងហ្វាងទទួលបន្ទុករដ្ឋបាលអប់រំ និងប្រធានផ្នែកលេខាធិការកម្មវិធីសិក្សារហូតមកដល់ពេលបច្ចុប្បន្ន។