ការហាត់ប្រាណជាទៀងទាត់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព និងសុខុមាលភាពទូទៅរបស់ យើង។ មនុស្សធំពេញវ័យអាយុចាប់ពី១៨ ទៅ៦៤ឆ្នាំ គួរតែហាត់ប្រាណយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្តាហ៍។ ប្រសិនបើអ្នកកំពុងស្វែងរកវិធីហាត់ប្រាណមួយដែលងាយស្រួល និងមានអត្ថប្រយោជន៍ច្រើន ការរត់គឺជាជម្រើសមួយដែលខ្ញុំនឹងធ្វើការណែនាំដល់អ្នក។ ការរត់ហាត់ប្រាណ គឺជាសកម្មភាពមួយដែលមានភាពពេញនិយម ងាយស្រួល មិនទាមទារបទពិសោធ ឯកទេស សម្ភារៈថ្លៃៗ ឬត្រូវហាត់នៅក្លិបនោះទេ គឺយើងអាចធ្វើបាននៅគ្រប់កន្លែងទាំងអស់។ តើការរត់ហាត់ប្រាណផ្តល់ សារៈសំខាន់អ្វីខ្លះចំពោះសុខភាព? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការរត់ហាត់ប្រាណចំពោះ សុខភាព៖
១. កាត់បន្ថយហានិភ័យនៃការស្លាប់ និងមានអាយុវែង :
ការរត់ និងដើរជាប្រចាំ ផ្តល់ផលវិជ្ជមានដល់រាងកាយ។ នេះបណ្ដាលមានឱ្យការថយចុះនៃជំងឺ ជាពិសេសចំពោះជំងឺមិនឆ្លងដូចជា ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម លើសជាតិខ្លាញ់ ជំងឺសរសៃឈាមបេះដូង និងមហារីក។ល។ ការស្រាវជ្រាវបានបង្ហាញថា ការរត់ទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃការស្លាប់យ៉ាងច្រើន។ សូម្បីតែរត់តែ ៥០នាទីក្នុងមួយសប្ដាហ៍ មានឱកាសស្លាប់ទាបជាងអ្នកដែលមិនរត់ ៣០ភាគរយ និងរស់បានយូរជាងអ្នកដែលមិនរត់ ៣ឆ្នាំ។
២. បំបាត់ជាតិខ្លាញ់ :
ការរត់ទៀងទាត់ជួយសម្រកខ្លាញ់ ប្រសិនបើអ្នកចង់រត់ដើម្បីកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ អ្នកមិនចាំបាច់រត់ខ្លាំងនាំហត់ទេ ប៉ុន្តែអ្នកគួរតែរត់ដោយផាសុកភាព។ អ្នកគួរបន្តរត់យ៉ាងហោចណាស់ ៣០-៤៥នាទី វាជួយកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ផងដែរ។ ប្រសិនបើអ្នករត់បានយូរអ្នកអាចដុតខ្លាញ់បានច្រើន។
៣. បង្កើនកម្លាំងសាច់ដុំ :
ការរត់បន្ថែមពីលើនេះ ក៏ជួយបង្កើនកម្លាំងសាច់ផងដែរ។ ម៉ាសសាច់ដុំធំក៏ជាប្រភពថាមពលនៅក្នុងគ្លីកូហ្សែន និងប្រើប្រាស់ជាតិស្ករក្នុងរាងកាយពេលកំពុងរត់ ដែលជាលទ្ធផលកម្រិតជាតិស្ករក្នុងឈាមមិនខ្ពស់ពេកសម្រាប់មនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម ឬសូម្បីតែអ្នកដែលស្ថិតក្នុងវ័យចំណាស់ពេលអង្គុយពេញមួយថ្ងៃ តែងតែមានបញ្ហាសាច់ដុំមានសុខភាពមិនល្អ។
៤. សម្រួលអារម្មណ៍កាត់បន្ថយស្ត្រេស :
ស្ត្រេស គឺជាមូលហេតុមួយក្នុងចំណោមបញ្ហាសុខភាពជាច្រើន ហើយវាក៏បណ្តាលឱ្យមានបញ្ហាផ្លូវចិត្តផងដែរ។ នៅពេលដែលអ្នករត់ហាត់ប្រាណរាងការរបស់អ្នកនឹងធ្វើការបញ្ចេញសារធាតុអង់ដូហ្វីន។ អង់ដូហ្វីន គឺជាប្រភេទនៃអរម៉ូនមួយប្រភេទដែលជួយកាត់បន្ថយការឈឺចាប់ ភាពតាន់តឹង ធ្វើឱ្យអារម្មណ៍មានភាពនឹងនរ ស្ងប់ស្ងាត់ និងល្អប្រសើរជាងមុន។
៥. ការកែលម្អបុគ្គលិកលក្ខណៈ :
នៅពេលដែលសុខភាពខាងក្នុងរាងកាយល្អ រូបរាងខាងក្រៅក៏មើលទៅសមមាត្រគ្នាដែរ។ អ្វីទាំងនេះប៉ះពាល់ដោយផ្ទាល់ទៅលើអារម្មណ៍ ជាពិសេសទាក់ទងនឹងបញ្ហាទំនុកចិត្ត និងទំនាក់ទំនងសង្គម។ ការរត់ទៀងទាត់ជួយរំលាយជាតិខ្លាញ់ទាំងក្នុងពោះ និងស្បែក។ ប្រសិនបើអ្នករត់ទៀងទាត់រហូតដល់ខ្លាញ់ប្រមូលផ្តុំនៅលើស្បែក (សែលុយឡូស) ថយចុះ នោះស្បែកនឹងរលោងជាងមុន ហើយក៏មានទំនុកចិត្តចេញមកតាមហ្នឹងដូចគ្នា។
៦. ធ្វើឱ្យឆ្អឹងរឹងមាំ :
ជាលទ្ធផល គេអាចសន្និដ្ឋានបានថា ការរត់ហាត់ប្រាណធ្វើឱ្យសុខភាពឆ្អឹងប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺពុកឆ្អឹង។ គ្រប់ជំហានយើងរត់ រមែងតែងតែប្រើសម្ពាធខ្លាំងសង្កត់លើឆ្អឹងជើងទាំងពីរ។ ហេតុនេះហើយ នាំឱ្យការរត់ហាត់ប្រាណ ត្រូវចាត់ទុកជាសកម្មភាពមានការប៉ះទង្គិចជាងសកម្មភាពដើរ ព្រោះតែមានកម្លាំងសង្កត់លើឆ្អឹង និងសន្លាក់។ ឆ្អឹងជាជាលិការស់រវើក អាចមានការលូតលាស់ខ្លាំងជាងមុន ពេលមានកម្លាំងសង្កត់លើ ដើម្បីជួយទ្រទម្ងន់រាងកាយបានល្អ។
៧. ការទទួលទានដំណេកកាន់តែប្រសើរ :
ការគេងឱ្យបានគ្រប់គ្រាន់ គឺមានសារៈសំខាន់ចំពោះសុខភាពទូទៅរបស់អ្នក។ នៅពេលអ្នកគេង រាងកាយរបស់អ្នកនឹងជួយសម្រួល និងព្យាបាលផ្នែកផ្សេងៗដោយខ្លួនឯង ដែលជាហេតុធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយពេលភ្ញាក់ពីគេង។ ទោះយ៉ាងណាក៏ដោយ មិនត្រូវព្យាយាមរត់នៅពេលយប់ជ្រៅពេកនោះទេ វាអាចធ្វើឱ្យអ្នកពិបាកក្នុងការគេងលក់ទៅវិញ។ អំឡុងពេលធ្វើសកម្មភាពដូចជាការរត់ហាត់ប្រាណ សារធាតុអង់ដូហ្វីន (Endorphins) ដែលជួយកាត់បន្ថយការឈឺចាប់ និងភាពតានតឹងត្រូវបានបញ្ចេញក្នុងអំឡុងពេលធ្វើសកម្មភាព ដែលទាំងនេះជួយជំរុញខួរក្បាល និងរាងកាយរបស់អ្នកមានអារម្មណ៍ស្រស់ស្រាយនៅពេលភ្ញាក់ពីដំណេក។
តែទោះជាយ៉ាងណាក៏ដោយ ការរត់ហាត់ប្រាណអាចបង្កឱ្យអ្នកមានគ្រោះថ្នាក់ ឬហានិភ័យមួយចំនួនកើតឡើងផងដែរដូចជា៖ ការប្រើប្រាស់កម្លាំងច្រើនហួសកម្រិត ការរត់ដោយបច្ចេកទេសមិនត្រឹមត្រូវ ការប្រើប្រាស់ស្បែកជើង និងសម្លៀកបំពាក់មិនបានសមស្រប ការរត់នៅកន្លែងងាយបង្កគ្រោះថ្នាក់ និងបរិស្ថានមិនល្អជាដើម។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.betterhealth.vic.gov.au
https://blog.decathlon.in
https://hellokrupet.com
https://www.kampucheathmey.com/
https://www.healthline.com
ថ្ងៃទី២៤ មេសា ២០២៣