រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំសង្រ្កាន្តឆ្នាំថ្មី២០២៣ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១០-១៦ ខែមេសា នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ការរៀបចំរយៈពេលយូរនេះ ដើម្បីផ្ដល់ភាពរីករាយដល់ពលរដ្ឋ និងភ្ញៀវទេសចរអាចចូលរួមកម្សាន្តនៅថ្ងៃណាមួយ ក្នុងរយៈពេល៧ថ្ងៃនេះ។ រដ្ឋបាលខេត្តរតនគិរី កំពុងមានភាពមមាញឹករៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី២០២៣។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីបែបសាសនា ប្រពៃណី ការលេងល្បែងប្រជាប្រិយ រួមទាំងការប្រគំតន្រ្តី និងការបាញ់កាំជ្រួចជាដើម។ នៅក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញផលិតផល និងសមិទ្ធផលនានារបស់មន្ទីរអង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក។ លើសពីនេះ នឹងបង្ហាញនូវរបាំ និងប្រពៃណីរបស់ពលរដ្ឋជនជាតិដើមភាគតិចផងដែរ។
គួរបញ្ជាក់ដែរថា ខេត្តរតនគិរីគឺសម្បូរបងប្អូនជនជាតិដើមភាគតិចដល់ទៅ៦៥ភាគរយ។ ហើយរដ្ឋ បាលខេត្តតែងតែជំរុញពួកគាត់ឱ្យពិនិត្យមើលវប្បធម៌របស់ខ្លួន តើមានអ្វីខ្លះដែលអាចដាក់បង្ហាញ និងធ្វើបានសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ។ ចំពោះទីតាំងកម្មវិធីអាជ្ញាធរខេត្តបានចាក់បេតុង មានទីធ្លាធំទូលាយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្ត។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត នឹងបន្តពង្រឹងសុវត្ថិភាពឱ្យបានល្អនៅថ្ងៃកម្មវិធី៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
https://thmeythmey.com/?page=detail&id=125327