វិធីថែរក្សាសុខភាពភ្នែក ចំពោះអ្នកធ្វើការក្នុងការិយាល័យ

ការសិក្សាស្រាវជ្រាវបានបង្ហាញថា មានការកើនឡើងនៃបញ្ហាចំពោះការមើលឃើញ ដោយសារតែការចំណាយពេលច្រើនខ្លាំងក្នុងការអង្គុយនៅពីមុខកញ្ចក់អេក្រង់កុំព្យូទ័រ និងទូរទស្សន៍យូរ។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ ការថែរក្សាភ្នែក គឺពិតជាចាំបាច់បំផុត ហើយវានឹងអាចធ្វើទៅបានយ៉ាងងាយដោយអ្នកគ្រាន់តែធ្វើការផ្លាស់ប្តូរនូវទម្លាប់តូចតាចមួយចំនួន និងធ្វើតាមនូវវិធីថែរក្សាភ្នែកដ៏មានប្រសិទ្ធភាពមួយចំនួនខាងក្រោមនេះ៖

១. ស្ថានភាពទីតាំងនៃកញ្ចក់អេក្រង់កុំព្យូរទ័រ សម្រាប់ការថែរក្សាភ្នែករបស់អ្នក : ចម្ងាយនៃប្រវែងដៃរវាងភ្នែក និងកញ្ចក់អេក្រង់ គួរតែត្រូវបានរក្សាគម្លាតឱ្យបានល្អ ដើម្បីរក្សានូវកម្រិតនៃការមើលឃើញរបស់អ្នកឱ្យបានច្បាស់ល្អ និងមិនជះឥទ្ធិពលអាក្រក់ដល់សុខភាពភ្នែកទាំងគូរបស់អ្នក។ កញ្ចក់កុំព្យូទ័រនោះ គួរស្ថិតក្នុងចម្ងាយ២០ដឺក្រេ នៅខាងក្រោមនៃកម្រិតរបស់ភ្នែក ហើយការដាក់អេក្រង់ និងឿបករណ៍វាយអក្សរ (keyboard) ឱ្យបានត្រឹមត្រូវ ក៏មានអត្ថប្រយោជន៍ចំពោះសុខភាពភ្នែកផងដែរ។

២. កំណត់ពីពន្លឺនៅក្នុងបន្ទប់ : ពន្លឺនៅក្នុងបន្ទប់គួរតែមានកម្រិតភ្លឺល្មម និងមិនបាញ់ចំប្រសិនបើអ្នកចង់         អនុវត្តតាមគន្លឹះក្នុងការថែរក្សាភ្នែក។ ចំណាំងផ្លាត គួរតែសម្គាល់បានពីចម្ងាយពីកញ្ចក់អេក្រង់របស់អ្នក និងភាពភ្លឺចាំង ពណ៌ និងពន្លឺកុង គួរតែអាចសម្របបានយ៉ាងល្អ។

៣. ស្វែងរកកញ្ចក់វ៉ែនតាដ៏ល្អសម្រាប់ការពារភ្នែក : ផ្នែកដ៏សំខាន់មួយផ្សេងទៀតនៃការថែរក្សាសុខភាពភ្នែករបស់អ្នកនោះ គឺអ្នកត្រូវចេះជ្រើសរើសពាក់ប្រភេទកញ្ចក់វ៉ែនតាឱ្យបានត្រឹមត្រូវ ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងការមើលឃើញ។ ហើយការស្វែងរកកញ្ចក់កែវដាក់ភ្នែក (contact lenses) ឱ្យបានត្រឹមត្រូវ គឺរឿងដ៏ពិបាកមួយ។ អ្នកត្រូវធ្វើការស្រាវជ្រាវឱ្យបានត្រឹមត្រូវ និងជ្រើសរើសកញ្ចក់ដែលសាកសមបំផុតសម្រាប់ការថែទាំដ៏ល្អចំពោះកែវភ្នែកដ៏ស្រស់ស្អាតរបស់អ្នកទាំងគូនេះ។

៤. ត្រូវទុកពេលវេលាឱ្យភ្នែកបានសម្រាក : ការផ្តល់ពេលវេលាគ្រប់គ្រាន់ឱ្យភ្នែករបស់អ្នកបានសម្រាក គឺជាផ្នែកដ៏សំខាន់មួយចំពោះការថែរក្សាភ្នែក។ អ្វីដែលអ្នកមិនត្រូវធ្វើនោះ គឺអ្នកមិនត្រូវប្រើដៃរបស់អ្នកមកជូត ឬញីភ្នែករហូតដល់អ្នកមានអារម្មណ៍ថាក្តៅក្រហាយនោះទេ។ ផ្ទុយមកវិញអ្នកត្រូវយកបាតដៃស្អាតដាក់លើពីភ្នែកនោះកម្តៅភាយៗ និងធ្វើឱ្យភ្នែករបស់អ្នកបានសម្រាក។ ការធ្វើបែបនេះឡើងវិញឱ្យបានទៀងទាត់ គឺនឹងមិនត្រឹមជួយឱ្យកែវភ្នែកដែលហត់នឿយរបស់អ្នកបានសម្រាកនោះទេ ប៉ុន្តែវាក៏អាចជួយបន្ថយឥទ្ធិពលនៃពន្លឺដែលជះចេញពីកញ្ចក់អេក្រង់ចំពោះកែវភ្នែកអ្នកដែរ។

៥. ធ្វើការព្រិចភ្នែក ដើម្បីសុខភាពរបស់ភ្នែក : សម្រាប់មនុស្សម្នាក់ដែលស្ថិតក្នុងស្ថានភាពធម្មតាមួយ តែងធ្វើការព្រិចភ្នែកប្រហែលជា១២ដង ក្នុងរយៈពេល១នាទីជាមធ្យម ប៉ុន្តែនៅពេលដែលអ្នកត្រូវធ្វើការងារជាមួយនឹងកុំព្យូរទ័រនោះអ្នកនឹងធ្វើការព្រិចភ្នែកបានត្រឹមតែ៥ដងប៉ុណ្ណោះ។ បញ្ហានេះនឹងអាចបង្កបញ្ហាដែលអាចនឹងធ្វើឱ្យកែវភ្នែកប្រែជាស្ងួត។ ការបន្តក់ថ្នាំភ្នែក ដើម្បីផ្តល់សំណើម គឺជាវិធីមានប្រសិទ្ធភាពមួយក្នុងការកាត់បន្ថយភាពស្ងួតនៃកែវភ្នែក ។

៦. ធ្វើការបាចទឹកនៅលើពីមុខ និងកែវភ្នែករបស់អ្នក : ការបង្កើតនូវទម្លាប់នៃការលុបមុខ ឬបាចទឹកនៅពីលើមុខយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ដើម្បីថែរក្សាសុខភាពរបស់កែវភ្នែក។ វិធីនេះមិនត្រឹមធ្វើឱ្យអ្នកមានភាពស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើឱ្យកែវភ្នែករបស់អ្នកត្រជាក់ល្អ និងបានទទួលនូវការសម្រាកផង    ដែរ។

៧. ប្រសិទ្ធភាពនៃការដាក់កញ្ចប់កាកតែនៅលើពីលើភ្នែក : ប្រសិនបើអ្នករងគ្រោះពីបញ្ហានៃការប៉ោងត្របកភ្នែកនោះ ការដាក់ស្អំកញ្ចប់កាកតែនៅពីលើភ្នែកនឹងមានអត្ថប្រយោជន៍ចំពោះអ្នក។ នេះគឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការថែរក្សាភ្នែក វាគឺជាគន្លឹះដ៏មានប្រសិទ្ធភាពមួយ អ្នកត្រូវដាក់កញ្ចប់កាកតែនោះក្នុងទូទឹកកកឱ្យបានមួយយប់ ហើយបន្ទាប់មកយកវាមកដាក់នៅពីលើភ្នែករបស់អ្នក។ នោះអ្នកនឹងបានឃើញនូវប្រសិទ្ធភាពដ៏អស្ចារ្យ របស់វាជាក់ជាមិនខាន។

៨. បរិភោគអាហារដែលផ្តល់ផលល្អចំពោះសុខភាពភ្នែក : ការញ៉ាំអាហារដែលមានវីតាមីន A  C និង E ឱ្យបានជាប្រចាំ ត្រូវបានគេអះអាងថាវាមានអត្ថប្រយោជន៍ ជាពិសេសក្នុងការថែទាំភ្នែកទាំងពីររបស់អ្នក។ ត្រូវបញ្ចូលនូវប្រភេទអាហារ បន្លែពណ៌បៃតង ផ្លែឈើដែលមានរសជាតិជូរ និងផលិតផលដែលធ្វើពីទឹកដោះគោទៅជាផ្នែកមួយនៅក្នុងរបបអាហារជាប្រចាំថ្ងៃ របស់អ្នក។

ការអនុវត្តន៍គន្លឹះក្នុងការថែរក្សាភ្នែកខាងលើនេះនឹងធ្វើឱ្យកែវភ្នែកទាំងគូររបស់អ្នកស្រស់ថ្លា និងមានសុខភាពជាក់ជាមិនខាន ៕ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
-  https://www.google.com/
-  https://thmeythmey.com/
-  https://www.health.com.kh