វិធីថែរក្សាសុខភាពក្នុងដើមរដូវវស្សា

រដូវស្សាបានចូលមកដល់ហើយ ចូរអ្នកទាំងអស់គ្នាថែរក្សាសុខភាពឱ្យបានល្អប្រសើរ ពិសេសក្នុង ការធ្វើដំណើរមិនថាទៅបំពេញការងារ ឬដំណើរកម្សាន្តទីជិត ឬទីឆ្ងាយឡើយ គប្បីគិតគូរពីរបៀប ការពារសុខភាពជាមុន។ យើងដឹងហើយថាភ្លៀងដើមឆ្នាំជាប្រភេទទឹកភ្លៀងដែលសម្បូរទៅដោយ ជាតិអាស៊ីត ឬគេហៅថាភ្លៀងអាស៊ីតដែលបង្កផលប៉ះពាល់ជាខ្លាំងដល់មនុស្សសត្វ ពិសេសក្មេង តូចៗ ដូចនេះយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួនដែល អ្នកគួរតែស្វែងយល់ និងអនុវត្តតាម៖

១. តាមដានសេចក្តីជូនដំណឹងពីអាកាសធាតុ : 
ជាធម្មតាក្រសួងធនធានទឹក និងឧតុនិយម តែងតែជូនដំណឹងពីអាកាសធាតុជាប្រចាំថ្ងៃសម្រាប់ សាធារណៈជនបានដឹង និងរៀបចំការពារខ្លួនពីអាការធាតុ មិនថាអាកាសធាតុក្តៅ ឬមានភ្លៀង ឡើយ។

២. ការត្រៀមសម្ភារៈការពារទឹកភ្លៀង :
អាវភ្លៀង ឆត្រ ជាសម្ភារៈមួយដ៏សំខាន់ក្នុងការការពារខ្លួនពីការទទឹកភ្លៀងជោកជាំបានមួយចំណែក ធំ និងងាយស្រួលក្នុងការដាក់តាមខ្លួនដូចជាកន្ត្រកម៉ូតូ ក្រោមកែបម៉ូតូ ឬធ្នើរខាងមុខនៃម៉ូតូជាដើម។
 
៣. ការជ្រកភ្លៀង :
ការរកកន្លែងជ្រកភ្លៀងជាជម្រើសដ៏ល្អបំផុតពីការត្រូវទឹកភ្លៀងជោកជាំ។ អ្នកដែលធ្វើដំណើរដោយ ម៉ូតូ ឬកង់ ប្រសិនបើជួបភ្លៀងក្នុងពេលដំណើរគួររកន្លែងសមរម្យណាមួយជ្រកភ្លៀងមានដូចជា ស្ថានីយប្រេងឥន្ធនៈ ផ្សារទំនើប ហាងទំនិញ ឬកន្លែងណាមួយដែលមិនត្រូវទឹកភ្លៀង តែហាមដាច់ ខាតជ្រកភ្លៀងក្រោមដើមឈើធំ ក្បែរបង្គោលភ្លើង និងមិនត្រូវប្រើប្រាស់ទូរសព្ទពេលកំពុងជ្រកភ្លៀង ព្រោះវាបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃដោយសាររន្ទះ។

៤. មធ្យោបាយធ្វើដំណើរ :
មិនថាការធ្វើដំណើរដោយមធ្យោបាយណាឡើយត្រូវតែមានការត្រួតពិនិត្យជាប្រចាំ លើហ្រ្វ័ង សំបក កង់ និងប្រព័ន្ធភ្លើង ប្រព័ន្ធជូតកញ្ចក់ថាដំណើរការល្អឬទេជាដើម ចៀសវាងហានិភ័យណាមួយកើត ឡើងនៅពេលមានភ្លៀង។

៥. ករណីត្រូវទឹកភ្លៀង :
ប្រសិនបើអ្នកទទឹកដោយសារទឹកភ្លៀង ត្រូវចាំថាពេលដល់ផ្ទះត្រូវតែអនុវត្តដូចខាងក្រោម៖
-  សម្អាតកាយភ្លាមៗ និងផឹកទឹកក្តៅឧណ្ឌៗដូចជា តែខ្ញី ស៊ុបក្តៅៗ ទឹកដោះគោក្តៅ
-  ផ្លាស់ប្តូរសម្លៀកបំពាក់ដែលមានអនាម័យល្អ
-  ហូបអាហារដែលចម្អិនបានឆ្អិនល្អដូចជា បន្លែ ត្រី សាច់ជាដើម
-  សម្រាកឱ្យបានគ្រប់គ្រាន់ និងទីកន្លែងសម្រាកប្រកបដោយអនាម័យ
-  ទទួលទានទឹកឱ្យបានច្រើនយ៉ាងតិចណាស់២លីត្រក្នុងមួយថ្ងៃ
-  ហាត់ប្រាណ ដើម្បីឱ្យរាងកាយរឹងមាំ។

សរុបសេចក្តីមកសុខភាពជាចំណែកមួយដ៍សំខាន់ដែលយើងគ្រប់គ្នាត្រូវតែគិតគូរ និងចេះរកវិធី ការពារឱ្យបានត្រឹមត្រូវ ចំណុចរៀបរាប់ខាងលើជាចំណែកតូចមួយក្នុងការចូលរួមពញ្ញាក់អារម្មណ៍ ដល់សាធារណៈជនតែប៉ុណ្ណោះ ដើម្បីចៀសវាងការចំណាយថវិកាដើម្បីព្យាបាល ខាតពេលវេលា ក្នុងការរកមុខរបរទទួលទាន នៅពេលដែលសុខភាពយើងមានផលប៉ះពាល់ដោយសារការខ្វះការ ប្រុងប្រយ័ត្នដោយខ្លួនយើង។

 

 

ថ្ងៃទី១៥ ឧសភា​ ២០២៣