ទឹកដីអង្គរគឺជាទឹកដីអច្ឆរិយ មានវប្បធម៌ អរិយធម៌ ប្រពៃណីដ៏ផូរផង់ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាកេរតំណែលសម្រាប់កូនខ្មែរជំនាន់ក្រោយសិក្សាស្វែងយល់ពីប្រទេសដ៍អច្ឆរិយមួយនេះ។ ជាក់ស្តែងយោងតាមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាបាតុភូតធម្មជាតិ នៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា សមរាត្រី គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
អ្នកបុរាណវិទូ និងប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣ គឺព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រីខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា ដែលជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យក្នុងទឹកដីអង្គរ នៃព្រះជាណាចក្រកម្ពុជា។ អ្នកបុរាណវិទូបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាន២ដង លើកទី១ នៅថ្ងៃទី២១ ខែមីនា និងលើកទី២ នៅថ្ងៃទី២២ ខែកញ្ញា។ អ្នកជំនាញបន្តពន្យល់ថា សមរាត្រី គឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់មានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬរយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ ប៉ុន្តែចំពោះប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យនោះទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ បានរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ ឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។
ការររៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិ ដើម្បីឱ្យព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លី ការគន់គូរ តាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿផង យើងអាចនិយាយបានថា ជាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រហែលជាកើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ហើយជាសំណង់បុរាណតែមួយក្នុងពិភពលោកផងដែរ។
ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនពាន់នាក់ មកទន្ទឹងរង់ចាំចង់ឃើញព្រឹត្តិការណ៍អស្ចារ្យមួយនេះ ដើម្បីត្រៀមផ្តិតយករូបភាពដ៏កម្រទុកជាអនុស្សាវរីយ៍។
សូមជម្រាបជូនថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលនៃប្រាសាទអង្គរនេះ តែងកើតមានឡើងចំនួន២ដងក្នុងមួយឆ្នាំ ដោយលើកទី១កើតឡើងនៅអំឡុងខែមីនា និងលើកទី២នៅអំឡុងខែកញ្ញា រៀងរាល់ឆ្នាំ៕