ពិធីគារវកិច្ច

គារវកិច្ច គឺជាសេចក្តីគោរពលំទោននៃដំណើរទៅតាមកាល ទៅតាមឋានៈ ទៅតាមវ័យរបស់អ្នកគោរពចំពោះអ្នកដទៃ ដែលត្រូវទទួលសេចក្តីគោរពពីគេវិញដែរ។ គារវកិច្ចនេះជាសេចក្តីថ្លៃថ្នូរ ដែលបានចែងនិងបង្រៀនកូនចៅបន្ត តាំងពីព្រេងនាយរបស់ជាតិនីមួយៗ។ ដោយឡែកតាំងពីព្រេងនាយរបស់ខ្មែរ     ឪពុកម្តាយ ជីដូនជីតា បងប្រុសបងស្រី...តែងបង្រៀនកូនចៅតាំងពីនៅវ័យទារក ទើបតែចេះដើរតេះតះដោយទាញដៃគេទាំងពីរមកផ្គុំគ្នា ដើម្បីឱ្យចេះលើកដៃសំពះ ហើយពោលពាក្យថា “សាធុ! សាធុ!” ឬពោលថា “ពន! ពនឱ្យល្អ”។ ចំណែកអ្នកនៅសៀមរាប ប្រើភាសាខុសពីអ្នកនៅភ្នំពេញឬនៅ បណ្តាខេត្តនានាខ្លះដោយប្រើពាក្យថា “ជុកកាក់ៗ ជុកកាក់!”។

ចំពោះពួកអឺរ៉ុប គេគោរពគ្នាដោយការចាប់ដៃ។ បច្ចុប្បន្ននេះបានក្លាយជាគារវកិច្ចសកល ដែលយើងជាកូនខ្មែរត្រូវតែចេះ។ អ្នកត្រូវជ្រាបថា ការចាប់ដៃតាមរបៀបអឺរ៉ុប ឬសកលមានលក្ខណៈផ្ទុយពីខ្មែរគឺជនជាតិខ្មែរដែលមានវ័យក្មេង ឬឋានៈតូចជាងមិនលូក ឬហុចដៃទៅឱ្យអ្នកដែលមានឋានៈខ្ពស់ជាងវ័យចាស់ជាង ឬស្រ្តីភេទមុនឡើយ។ គារវកិច្ចនេះ អ្នកដែលមានឋានៈខ្ពស់ជាង វ័យចាស់ជាង ឬស្រ្តីភេទអាចលូកដៃទទួលតបទៅវិញជាបន្ទាន់ ដោយលក្ខណៈលំទោន។ គារវលំទោនរបស់ស្រ្តីប៉ែកអឺរ៉ុបគឺការបន្ទន់ជង្គង់បន្តិច។ ពេលលូកដៃ ឬហុចចាប់ដៃគ្នាដែរ អ្នកធំត្រូវសម្លឹងមុខអ្នកតូចជាងដោយស្រទន់ ហើយមិនគួរកំពុងចាប់ដៃមនុស្សម្នាក់ តែបែរជាងាកមុខទៅនិយាយជាមួយអ្នកផ្សេងទៀតនោះឡើយ។ អ្នកប្រព្រឹត្តិចំពោះប្រការនេះមិនមានតម្លៃឡើយ។

ការធ្វើគារវកិច្ចក្នុងការសំពះនេះ កូនខ្មែរមិនត្រូវបោះបង់ចោលឡើយ ព្រោះវាជាគុណធម៌ដ៏តូចមែនពិតតែវាមានតម្លៃប្រសើរបំផុតសម្រាប់វប្បធម៌ជាតិ និងអត្តសញ្ញាណជាតិខ្មែរ ហើយវាជាប្រការខុសឆ្គងប្រសិនបើអ្នកមិនបានប្រណិប័តន៍តាម។
សាលារៀននៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបដល់សិស្សានុសិស្សឱ្យចូលរួមស្រលាញ់ និងថែរក្សាប្រពៃណីវប្បធម៌ជាតិឱ្យបានកាន់តែល្បីរន្ទឺពាសពេញពិភពលោក។ ជាក់ស្តែងថ្មីៗនេះគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ ក៍ដូចជាសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានត្រៀមលក្ខណៈយ៉ាងសកម្មក្នុងការចូលរួមរៀបចំអបអរសាទរសង្រ្កាន្តឆ្នាំថ្មីឆ្នាំដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕