ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងមើលថ្ងៃរះស្អាតជាងគេទូទាំងពិភពលោក

បើយោងតាមគេហទំព័រ Mornings.co.uk បានប្រមូលទិន្នន័យអំពីកន្លែងល្អបំផុតដើម្បីមើលថ្ងៃរះ ក្នុងប្រទេសចំនួន៧២ជុំវិញពិភពលោក និងយោងតាមក្រសួងទេសចរណ៍បញ្ចេញព័ត៌មានឱ្យដឹងថា ប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់យើង បានស្ថិតនៅចំណាត់ថ្នាក់លើគេទាំងអស់ ជាកន្លែងល្អបំផុតសម្រាប់សកម្មភាពទេសចរណ៍ទស្សនាថ្ងៃរះ។ 

ប្រាសាទអង្គរវត្ត ទទួលបានចំណាត់ថ្នាក់លេខ១ ជាកន្លែងដែលអាចទស្សនាព្រះអាទិត្យរះ និងលិចស្អាតជាងគេនៅទូទាំងពិភពលោក។ សារព័ត៌មាន mornings.co.uk បានប្រមូលទិន្នន័យពីការស្រាវជ្រាវលើប្រព័ន្ធអ៊ីនធឺណែត ហើយជាលទ្ធផល ប្រាសាទអង្គរវត្តកេរមរតកដូនតាយើង បានយកឈ្នះ ៧១ប្រទេសផ្សេងទៀតទូទាំងពិភពលោក នាមជាកន្លែងល្អបំផុតសម្រាប់ការទស្សនាថ្ងៃរះ ឈរនៅចំណាត់ថ្នាក់លេខ១។ តាមការស្រង់ទិន្នន័យរបស់សារព័ត៌មានចក្រភពអង់គ្លេសមួយនេះ ប្រទេសក្នុងសហគមន៍អាស៊ាន មានដូចជា ថៃ ឡាវ វៀតណាម ភូមា ម៉ាឡេស៊ី ហ្វីលីពីន ជាដើម ក៏ស្ថិតក្នុង៧២ប្រទេសនោះដែរ ជាមួយនឹងចំណាត់រៀងខ្លួន។

ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត កើតមានឡើងពីរដងនៅក្នុងឆ្នាំ២០២៣ ។ ក្នុងនោះលើកទីមួយកើតឡើងនៅថ្ងៃទី២១ ខែមីនា និងលើកទីពីរនៅថ្ងៃទី២២កញ្ញា។ ជាមួយគ្នានេះ ប្រាសាទអង្គរវត្ត ជាប់លេខ១ជាកន្លែងមើលថ្ងៃរះស្អាតជាងគេទូទាំងពិភពលោក ដែលទទួលបានអ្នកបោះឆ្នាតចំនួន១០៤០៤នាក់ និងចំណាត់ថ្នាក់លេខ២ គឺកំពូលភ្នំ Haleakala Crater នៅអាមេរិក។ ទន្ទឹមនឹងនោះ ចំណាត់ថ្នាក់លេខ៣ ប្រាសាទ Taj Mahal នៅប្រទេសឥណ្ឌា ចំណាត់ថ្នាក់លេខ៤ គឺប្រាសាទ Borobudur នៅឥណ្ឌូណេស៊ី និងចំណាត់ថ្នាក់លេខ៥ គឺភ្នំ Uluru របស់ប្រទេសអូស្ត្រាលី។ 

ដោយឡែក ចំណាត់ថ្នាក់លេខ៦ គឺកំពូលភ្នំ Saragng Kot នៅប្រទេសនេប៉ាល់ ចំណាត់ថ្នាក់ទី៧ គឺប្រាសាទ Bagan របស់ប្រទេសមីយ៉ាន់ម៉ា អ្នកបោះឆ្នាតចំនួន៧៩៧នាក់។ ចំពោះចំណាត់ថ្នាក់ទី៧២ ដែលជាចំណាត់ថ្នាក់ចុងក្រោយគេ គឺឧទ្យានជាតិ Murchison Falls នៃប្រទេសអ៊ូហ្គង់ដា៕


អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://thmeythmey25.com/detail/94210

 

 

 

 

 

 

 

 

 

 

ថ្ងៃទី០២ ឧសភា ២០២៣