ទន្លេដែលមានទេសភាពស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក

នៅលើពិភពលោកយើងនេះ យ៉ាងហោចណាស់ក៏មានទន្លេធំៗ វែងៗច្រើនជាង១៩០ខ្សែដែរ ហើយទន្លេនីមួយៗសុទ្ធសឹងមានលក្ខណពិសេសប្លែកៗពីគ្នា ប៉ុន្តែតើអ្នកដឹងទេថា ទន្លេដែលមានទេសភាពស្រស់ស្អាតជាងគេមានឈ្មោះអ្វី ស្ថិតនៅប្រទេសណា។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ព័ត៌មានអន្តរជាតិ CNN បានឱ្យដឹងថា ក្នុងចំណោមទន្លេដែលស្អាតៗជាងគេទាំង១៥ មានតែទន្លេលី (Li river) ទេ ដែលមានទេសភាពស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក។ វាត្រូវបានហៅម្យ៉ាងទៀតថា លីជាំង (Li Jaing) ដែលស្ថិតនៅតំបន់ស្វយ័តក្វាងស៊ី (Guangxi) ភាគខាងត្បូងនៃសាធារណរដ្ឋប្រជាមានិតចិន។ 

ទន្លេលី ឬលីជាំងនេះមានប្រវែង៨៣គីឡូម៉ែត្រ ហូរកាត់ពីតំបន់ខ្ពង់រាបគួយលីន (Guilin) ឆ្ពោះទៅកាន់ក្រុងយ៉ាងស៊ូ (Yangshuo)។ ដោយសារទេសភាពដ៏ស្រស់ត្រកាលនេះហើយ ទើបធ្វើឱ្យទន្លេលីក្លាយជាទីកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដើរទស្សនាក្នុងតំបន់ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។ នៅតាមដងទន្លេអមទៅដោយជ្រលងភ្នំ ទឹកថ្លាឆ្វង់ ដុំថ្មប្លែក និងល្អាងភ្នំជាច្រើន ប្រៀបបានឋានទេវលោកយ៉ាងដូច្នេះដែរ។ ជាការពិតណាស់ ភ្ញៀវទេសចរអាចជិះទូកកម្សាន្ត សម្រាកលម្អែ ភ្លក្សម្ហូបអាហារឆ្ងាញ់ៗ និងមាន    សេវាកម្មទេសចរណ៍ដ៏ច្រើនសម្បូរបែបទៀត។ 

ជារៀងរាល់ឆ្នាំ តំបន់រមណីយដ្ឋានទេសចរណ៍នៅតាមដងទន្លេលីបានទាក់ទាញវត្តមានភ្ញៀវទេសចររាប់លាននាក់ រហូតដល់មានប្រយោគមួយលើកឡើងថា ប្រសិនបើអ្នកទៅប្រទេសចិន កុំភ្លេចទៅទស្សនាទន្លេលីឱ្យសោះ។ ម្យ៉ាងវិញទៀត រូបទន្លេលីនេះក៏ត្រូវបានរំលេចលើក្រដាសប្រាក់២០យ័នផងដែរ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://m.freshnewsasia.com/index.php/en/freshnewsplus/176200-2020-11-05-03-24-10.html