តើអ្វីជាបដិវត្តន៍ឧស្សាហកម្ម?

បដិវត្ដន៍ឧស្សាហកម្ម ដែលកកើតឡើងដំបូងឡើយនៅចក្រភពអង់គ្លេស និងត្រូវបានគេពិពណ៌នាថា ជាសម័យកាលនៃឧស្សាហូបនីយកម្ម និងនាវានុវត្ដន៍នៃការបង្កើតថ្មី ដែលត្រូវបានគេអះអាងថាបាននាំឱ្យសេដ្ឋកិច្ចមូលធននិយមកើតមានឡើង និងបានប្រែក្លាយវិធីសាស្ត្រនៃការផលិតបែបបុរាណឱ្យទៅជាផលិតកម្មឧស្សាហកម្ម។ លោក Klaus Schwab ដែលជាស្ថាបនិក និងជានាយកប្រតិបត្ដិវេទិកាសេដ្ឋកិច្ចពិភពលោក បានគូសបញ្ជាក់ថា បដិវត្ដន៍ឧស្សាហកម្មបានឆ្លងកាត់៣ដំណាក់កាលរួចមកហើយ ពោលគឺ៖

១. ដំណាក់កាលទី១ :  បានកើតឡើងនៅរវាងឆ្នាំ១៧៦០ ដល់ឆ្នាំ១៨៤០ ដែលបង្ហាញឡើងតាម       រយៈការបង្កើតម៉ាស៊ីនដើរដោយចំហាយទឹក គួបផ្សំជាមួយនឹងការប្រើប្រាស់ផ្លូវរថភ្លើង។

២. ដំណាក់កាលទី២ :  បានបង្ហាញខ្លួននៅចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ តាមរយៈការរកឃើញថាមពលអគ្គីសនី និងការបង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ។ ម៉្យាងទៀត ផលិតកម្មទ្រង់ទ្រាយធំក៏ត្រូវបានចាត់ទុកជាលក្ខណៈកំណត់មួយនៃបដិរត្ដន៍ឧស្សាហកម្មទី២ ផងដែរ។

៣. បដិវត្ដន៍ឧស្សាហកម្មទី៣ :  ត្រូវបានគេចាត់ទុកថាកើតឡើងនៅពេលដែលមានការចាប់ផ្ដើមនូវយុគសម័យឌីជីថលនៅក្នុងទសវត្សរ៍ឆ្នាំ៦០ ដែលពេលនោះមានការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ប្រព័ន្ធអ៊ីនធើណេត ព័ត៌មានវិទ្យា ស៊ីមីកុងឌុចទ័រ និងកុំព្យូទ័រភាវូបនីយកម្ម។

៤. បដិវត្ដន៍ឧស្សាហកម្មទី៤ : នេះបាននិងកំពុងអភិវឌ្ឍខ្លួនតាំងតែពីដើមសតវត្សរ៍ទី២១មកម៉្លេះ។ បដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤នេះ ត្រូវបានគេជឿជាក់ថា នឹងច្របាច់បញ្ចូលគ្នានៃបច្ចេកវិទ្យា រវាងពិភពរូបសាស្ត្រ ពិភពឌីជីថល និងពិភពជីវសាស្ត្រ។  

បច្ចេកវិទ្យា និងនវានុវត្ដន៍របស់បដិវត្ដន៍ឧស្សាហកម្មទី៤ ត្រូវបានគេរំពឹងទុកថា នឹងលើកកម្ពស់គុណភាពជីវិតរបស់មនុស្ស ក៏ដូចជាធ្វើឱ្យរបៀបរស់នៅ និងប្រព័ន្ធគមនាគមន៍កាន់តែមានភាពប្រសើរជាងមុនឡើង។ បច្ចេកវិទ្យារបស់បដិវត្ដន៍ឧស្សាហកម្មទី៤ ក៏អាចបង្កើនកម្រិតនៃភាពងាយស្រួលដល់មនុស្សដោយផ្ទាល់ ចំពោះអ្នកដែលមានលទ្ធភាពក្នុងការប្រើប្រាស់សេវាកម្មក្នុងពិភពឌីជីថល ដូចជាការទិញទំនិញតាមប្រព័ន្ធអនឡាញជាដើម។ លើសពីនេះឧស្សាហកម្មជំនាន់ទី៤នេះ ក៏បានជួយជំរុញប្រសិទ្ធភាពសេដ្ឋកិច្ចឱ្យកាន់តែប្រសើងឡើង។ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ក៏នឹងទទួលបានឱកាសក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពពីបច្ចេកវិទ្យាថ្មីៗ ដូចជាឧបករណ៍កំណត់សញ្ញា និងប្រព័ន្ធវិភាគទិន្នន័យធំ ដែលជួយឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅនូវដំណើរការផលិតកម្ម និងអាចកាត់បន្ថយថ្លៃដើមផលិតផងដែរ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ 
https://www.facebook.com/CambonomicTimes/posts/206612060999615/