បេសកកម្មដ៏ធំចម្បងជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣
រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្កើតនូវគណៈកម្មាធិការជាតិមួយកាលពីឆ្នាំ២០១៦ នៅក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន គឺគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)។ តើកម្ពុជាបានត្រៀមខ្លួនអ្វីខ្លះក្នុងការសម្រេចជោគជ័យជាប្រវត្តិសាស្ត្រ ជាលើកដំបូងរបស់ខ្លួននោះ?
បន្ទាប់ពី CAMSOC ត្រូវបានបង្កើតឡើងគេសង្គេតឃើញគណៈកម្មាធិការជាតិមួយនេះធ្វើសកម្មភាពជាបន្តបន្ទាប់ ដោយអនុលោមតាមផែនការមេឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលពហុកីឡដ្ឋានជាតិថ្មីមួយនេះគឺជាបណ្តុំការប្រកួតកីឡាភាគច្រើន ជាពិសេសគឺពិធីបើក-បិទផ្លូវការ នៃស៊ីហ្គេម ឆ្នាំ២០២៣។ CAMSOC កំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិទាំងអស់ ដែលគ្រោងរៀបចំឱ្យមានពី៣២ ទៅ៣៥ប្រភេទកីឡា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ក្នុងក្របខណ្ឌថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានវិសាលភាពនៃសកម្មភាពផ្សព្វផ្សាយនៃអាជ្ញាធររាជធានី-ខេត្តទាំង២៥ ព្រមទាំងការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានឈ្វេងយល់ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
ដើម្បីជំរុញឱ្យមានការចាប់ផ្តើមនូវដំណាក់កាលដ៏សំខាន់មួយនេះ ក្នុងគោលដៅពញ្ញាក់ស្មារតីគ្រប់សមាសភាពពាក់ព័ន្ធនឹង ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាសមាជិកក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន១០ផ្សេងទៀត គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ បានប្រារព្ធពិធីប្រកាសជ័យលាភីស្នាដៃជូនដល់បេក្ខជនជ័យលាភី ដែលឈ្នះស្នាដៃនិមិត្តសញ្ញា (Logo និមិត្តសញ្ញា (Mascot) និងចាប់ផ្តើមរាប់ថយក្រោយ១,០០០ថ្ងៃ កាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានជម្រាបជូនអំពីអត្ថន័យខ្លឹមសារយ៉ាងលម្អិត នៃស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា (ឬពាក្យស្លោក) (Logo-Mascot-Moto) ដូចជា ទី១អំពី “ស្លាកសញ្ញា-LOGO” មាននិមិត្តរូបប្រាសាទអង្គរវត្តពណ៌ទឹកមាស រូបនាគព័ន្ធ៤ពណ៌ខុសគ្នា ជាមួយរូបកងចំនួន១១ ជាស្លាកសញ្ញាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ពណ៌ទឹកមាស និងភាសាអង់គ្លេសខាងក្រោម “The 32nd SEA Games Cambodia Phnom Penh”។ រីឯស្លាកសញ្ញាការប្រកួតកីឡាជនពិការមាននិមិត្តរូបដូចគ្នា ខុសតែស្លាកសញ្ញាកីឡាជនពិការអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ។
ខ្លឹមសារអត្ថន័យ អត្ថរសនៃ Logo ទាំងពីរបង្កប់នូវថាមពល នៃវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិដ៏ត្រចះត្រចង់របស់ខ្មែរគ្រប់ជំនាន់ជាមួយនឹងស្មារតីនាគព័ន្ធ គឺសាមគ្គីភាព សហប្រតិបត្តិការនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាសមាជិក SEA Games។ ទី២ អំពី “និមិត្តសញ្ញា (ឬរូបសត្វតំណាង) Mascot” គឺជានិមិត្តរូបសុភាទន្សាយញីឈ្មោលចំនួនពីរមានឈ្មោះថា "បុរី" ជាតួអង្គប្រុស និង “រំដួល” ជាតួអង្គស្ត្រី ដែលតួអង្គប្រុសដៃស្តាំកាន់ភ្លើងគប់កីឡា តួអង្គស្រ្តី សំពះស្វាគមន៍ភ្ញៀវ ហើយតួអង្គទាំងពីរបញ្ចេញទឹកមុខ និងស្នាមញញឹមខ្មែរ រួសរាយរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅ ប្រតិភូ និងភ្ញៀវ SEA Games លើកទី៣២ ឆ្នាំ២០២៣។ ចំណែកការគ្រងសម្លៀកបំពាក់ជាកីឡាករ-កីឡាការិនីគុនល្បុក្កតោ ដែលជាប្រភេទកីឡាអត្តសញ្ញាណជាតិ គឺជាប្រភេទកីឡាដែលបានចុះបញ្ជីបេតិកភណ្ឌអរូបិយជាតិពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិរបស់អង្គការ UNESCO ផងដែរ។