គន្លឹះជំនួយដល់ការសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ

ក្រោយបញ្ចប់ពីវិទ្យាល័យ ការស្វែងរកព័ត៌មាន និងការជ្រើសរើសមុខជំនាញសិក្សានៅមហាវិទ្យាល័យ អាចចាត់ទុកថាជាភារកិច្ចអាទិភាពមួយ និងជាការសម្រេចចិត្តដ៏ហ្មត់ចត់បំផុតសម្រាប់វ័យនេះ ព្រោះវាជាប់ទាក់ទងនឹងអាជីពការងារនៅថ្ងៃអនាគត។ ចំពោះសិស្សដែលមិនទាន់ដឹងថា តើត្រូវរៀនមុខជំនាញអ្វី? ពួកគេអាចនឹងមានការយល់ច្រឡំ រវាងជំនាញដែលមានភាពល្បីល្បាញ និងជំនាញដែលពួកគេស្រឡាញ់ចូលចិត្ត ដែលបណ្តាលឱ្យមានភាពស្រពេចស្រពិលក្នុងការសម្រេចចិត្ត។ បើយោងតាម         គេហទំព័រ Post University បានបង្ហាញពីគន្លឹះមួយចំនួនដែលអាចជាជំនួយដល់ការសម្រេចចិត្តរបស់សិស្សានុសិស្ស ពេលជ្រើសរើសជំនាញរៀននៅសាកលវិទ្យាល័យ មានដូចខាងក្រោម៖

ឈ្វេងយល់គ្រប់មុខជំនាញ : ប្រសិនបើអ្នកបានជ្រើសរើសសាលារួចហើយជារឿងល្អមួយ ប៉ុន្តែចូរចំណាយពេលខ្លះដើម្បីសិក្សាស្វែងយល់បន្ថែមអំពីជម្រើសនៃប្រភេទមុខជំនាញនីមួយៗ។ ការទុកចន្លោះឱ្យខ្លួនឯងបានស្គាល់ពហុជំនាញ វាងាយនឹងរកឃើញឱកាសក្នុងការរុករកសមត្ថភាពថ្មីៗបន្ថែម។ ឧទាហរណ៍ដូចជា ប្រសិនបើសិស្សនិស្សិតស្រលាញ់មុខវិជ្ជាដែលទាក់ទងនឹងស្ទែម ដូច្នេះអាចជ្រើសរើសជំនាញណាដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងផ្នែកគណិតសាស្ត្រ ឬការគណនាជាដើម។

ជ្រើសអ្វីដែលចាប់អារម្មណ៍ : កាលនៅវិទ្យាល័យ តើមុខវិជ្ជាអ្វីដែលអ្នកចាប់អារម្មណ៍ជាងគេ? តើអ្នកតែងតែរីករាយនឹងការរៀនអ្វីខ្លះ? សំណួរទាំងនេះវាបានផ្តល់ផលប្រយោជន៍ពេលដែលសម្រេចចិត្តជ្រើសជំនាញសិក្សា ព្រោះការជ្រើសជំនាញ ត្រូវការផ្តោត និងចំណាយពេលក្នុងការអនុវត្តយ៉ាងហោចណាស់ ៣ ទៅ ៤ឆ្នាំ។  ដូច្នេះហើយត្រូវធ្វើឱ្យប្រាកដថាវាជាបរិយាកាសដែលពេញចិត្ត។ ការសម្រាំងមុខវិជ្ជាដែលអ្នកជ្រើសរើសឱ្យស្របនឹងអ្វីដែលអ្នកចូលចិត្ត វាបានផ្តល់អត្ថប្រយោជន៍ទ្វេគុណ ដោយហេតុថា អ្នកត្រូវចំណាយពេលជាមួយមនុស្សដែលមានចំណង់ចំណូចចិត្តប្រហាក់ប្រហែលនឹងអ្នកដែរ។

ជ្រើសឱ្យស្របនឹងចំណូលចិត្ត : តើបរិយាកាសសិក្សា និងជំនាញដែលជ្រើសនោះមានសភាពដូចម្តេចដែរ? បើរកបានកន្លែងដែលត្រូវចិត្ត និងជំនាញដែលខ្លួនស្រឡាញ់ហើយ វាក៏ធ្វើឱ្យចំណង់នៅក្នុងការសិក្សាក៏កើនមានកាន់តែខ្ពស់ដែរ។ មួយវិញទៀត បើបានធ្វើការនៅក្នុងវិស័យដែលអ្នកកំពុងតែមានចំណង់ចំណូចចិត្ត វាជះឥទិ្ធពលល្អទៅកាន់អនាគតការងារដូចគ្នា។

កំណត់ភាពខ្លាំងរបស់ខ្លួនឯង : នៅសាកលវិទ្យាល័យមានរឿងជាច្រើនដែលពិបាកជាងនៅវិទ្យាល័យ ដូច្នេះអ្នកគួរតែត្រៀមខ្លួនប្រកួតប្រជែងសមត្ថភាព និងការគិតឱ្យបានច្រើនជាងមុន។ កំណត់ចំណាំនៅក្នុងជំនាញ តើមានផ្នែកអ្វីខ្លះដែលស្របនឹងចំណុចខ្លាំងរបស់អ្នក និងថាតើមានអ្វីដែលអ្នកអាចបញ្ចេញចំណុចខ្លាំងទាំងនោះចេញមកក្រៅបាន? ការផ្ទៀងផ្ទាត់ចំណុចខ្លាំងរបស់អ្នកជាមួយនឹងជំនាញដែលជ្រើសនៅមហាវិទ្យាល័យ  វាបានបង្កនូវភាពរីករាយអំឡុងពេលសិក្សាផងដែរ ព្រោះអ្នកអាចចំណាយពេលផ្តោតជាមួយនឹងអ្វីដែលមានពីធម្មជាតិ។ ភាពជោគជ័យនៅក្នុងការសិក្សាជំនាញនៅសាកលវិទ្យាល័យ គឺជារង្វាន់ និងបទពិសោធដ៏សំខាន់។

ពិចារណាអនាគតការងារ និងបង្កើនសក្តានុពល : មុខជំនាញនៅសាកលវិទ្យាល័យ មានឱកាសការងារ ភ្ជាប់មកជាមួយស្ទើរតែទាំងអស់ ប៉ុន្តែការស្វែងយល់បន្ថែមនៅតែមានសារៈសំខាន់ ពីព្រោះអ្នកត្រូវចំណាយពេលវេលា ថាមពល និងថវិកាដើម្បីបន្តការសិក្សា និងកែច្នៃការសិក្សាទាំងនោះឱ្យទៅជាអាជីពការងារដើម្បីទទួលចំណូលមកវិញតាមរយៈការប្រឡូកនៅក្នុងការងារ។ ប្រសិនបើអ្នកបានសាកល្បងស្វែងរកអាជីពការងារស្របពេលជាមួយគ្នានោះ សូមកុំរំលងនូវការស្វែងរកសក្តានុពល តាមរយៈការងារទាំងនោះ។ ត្រូវធ្វើឱ្យប្រាកដថា ការងារដែលអ្នកកំពុងតែធ្វើ មិនត្រឹមតែស្របទៅនឹងចំណង់ចំណូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានសាងសក្តានុពលគ្រប់គ្រាន់ដើម្បីទទួលបានចំណូលសមរម្យ ដែលឆ្លើយតបនឹងការទូទាត់វិក្កយបត្រនៃការរស់នៅនាពេលអនាគត។

ពិភាក្សាមុខជំនាញជាមួយអ្នកដទៃ : ការជជែកពិភាក្សាជាមួយអ្នកស្គាល់គ្នា ដែលរៀននៅក្នុងសាកលវិទ្យាល័យ ឬរៀមច្បងដែលបានបញ្ចប់ការសិក្សារួចហើយ អំពីអ្វីដែលគេបានធ្វើ ឬអ្វីដែលគេមិនពេញចិត្ត ពេលកំពុងតែសិក្សាជំនាញ។ សួរពីរបៀបដែលគេជ្រើសរើស ឬក៏សួរថា ប្រសិនបើគេកំពុងតែស្ថិតក្នុងស្ថានភាពនេះ តើគេនឹងសម្រេចចិត្តយ៉ាងដូចម្តេច ឬតើត្រូវត្រៀមអ្វីខ្លះ? កាលដែលជ្រើសមនុស្សមកពិភាក្សា សូមនិយាយទៅកាន់បុគ្គលដែលមានស្ថានភាព ក្ដីស្រមៃ ចំណូលចិត្តការងារប្រហាក់ប្រហែលគ្នា កាលដែលធ្វើបែបនេះដើម្បីស្វែងរកដំបូន្មានមួយដែលទាក់ទងនឹងចំណង់ចំណូលចិត្តរបស់អ្នក៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://education.ams.com.kh

 

 

ថ្ងៃទី២៥ មេសា ២០២៣