កម្ពុជារៀបចំសកម្មភាពកីឡាធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត

ភ្ញៀវទេសចរជាច្រើនពេញចិត្តនឹងការរៀបចំកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) របស់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងមានភាពទាក់ទាញជាខ្លាំង។ ក្រៅពីការប្រកួតកីឡា ប្រតិភូកីឡាបានចូលរួមទស្សនានូវទស្សនីយភាពជាច្រើនដែលបង្ហាញពីសិល្បៈ វប្បធម៌ ប្រពៃណី  និងកន្លែងកម្សាន្តជាច្រើននៅក្នុងប្រទេសកម្ពុជា។ កម្ពុជាកំពុងជំរុញទេសចរណ៍កីឡាជាផ្នែកនៃយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ (Visit Cambodia Year 2023) ខណៈដែលខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ជាលើកដំបូងនៅក្នុងខែឧសភា។ 

យោងតាមប្រធាននាយកដ្ឋានផ្សព្វផ្សាយទីផ្សារក្រៅប្រទេសនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងថា ការប្រកួតកីឡានឹងដើរតួជាកត្តាជំរុញដល់វិស័យទេសចរណ៍កីឡាទូទាំងប្រទេស។  លោកបានកត់សម្គាល់ថា៖ «ឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាព្រឹត្តការណ៍ដ៏ធំមួយសម្រាប់កម្ពុជា»។ ព្រឹត្តិការណ៍ទាំងពីរនេះត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិពី ២៥០,០០០ ទៅ ៥០០,០០០នាក់។ 

ស៊ីហ្គេមលើកទី៣២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតបន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំ ក្រោមពាក្យស្លោក «ប្រទេសតូច បេះដូងធំ» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានទទួលកីឡាករ និងប្រតិភូកីឡាករទាំង១១ប្រទេស រួមទាំងការហូបចុក និងស្នាក់នៅដោយមិនគិតថ្លៃ។   បន្ទាប់មកអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០៣ ដល់ទី០៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជាសង្ឃឹមថា ព្រឹត្តិការណ៍កីឡាតំបន់ដ៏ធំនេះ នឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅ   កម្ពុជា។  ជារៀងរាល់ឆ្នាំកម្ពុជារៀបចំព្រឹត្តិការណ៍កីឡាជាច្រើនដើម្បីទាក់ទាញអ្នកទស្សនាមកពីជុំវិញពិភពលោក រួមទាំងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរក្នុងខែធ្នូ និង Ultra-Trail Angkor ក្នុងខែកុម្ភៈ និងព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិផ្សេងៗផងដែរ។
 
ឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសកម្ពុជាក៏ល្អឥតខ្ចោះសម្រាប់សកម្មភាពប្រកួតលើទឹកនានា រួមមានការជិះទូកក្ដោង និងការជិះទូកកម្សាន្ត ដោយមានគម្រោងធ្វើដំណើរពាក់ព័ន្ធនឹងកីឡាបន្ថែមទៀត។ ជោគជ័យកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នេះហើយ ដែលនាំឱ្យកម្ពុជាទទួលបានសិទ្ធិក្នុងការរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥ (Asian Youth Games 2029) ជាលើកដំបូង នៅឆ្នាំ២០២៩ខាងមុខនេះ។ ការរៀបចំនេះ ត្រូវបានគេដឹងថានឹងមានការចូលរួមក្នុងចំណោមអត្តពលិកមកពី ៤៥ប្រទេសក្នុងទ្វីបអាស៊ី។ 

 

 

 

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
  https://www.khmertimeskh.com
  https://media.brandbodia.com

 

 

ថ្ងៃទី២៦ ឧសភា ២០២៣