ជម្រាបសួរ លោក លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់! សួស្តីប្អូនៗ សិស្សានុសិស្ស។ ខ្ញុំបាទឈ្មោះ រឿង សុភាព ជាអនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
ខ្ញុំបានទទួលសញ្ញាបត្រគរុកោសល្យក្នុងឆ្នាំ២០០៥ បរិញ្ញាបត្រ ឆ្នាំ២០០៨ និងទទួលបានបរិញ្ញាជាន់ខ្ពស់ ឆ្នាំ២០១៧ និងចូលបំរើការងារក្នុងវិស័យអប់រំចាប់តាំងពីឆ្នាំ២០០៥ និងបានចូលបំរើការងារជាគ្រូបង្រៀន ពាក់ពេញម៉ោងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ពីឆ្នាំ២០០៩។
សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញបេសកម្មអប់រំមួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ ស្របតាមកម្មវិធីសិក្សារបស់ក្រសួង អប់រំ យុវជន និងកីឡា សាលាលើកកម្ពស់ និងលើកទឹកចិត្តសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណេត និងតាមឯកសារក៏ច្រើននៅក្នុងបណ្ណាល័យ សាលាមិនត្រឹមតែបណ្តុះបណ្តាលសិស្សានុសិស្សឱ្យ មានចំណេះដឹងពិតប្រាកដ ក្រមសីលធម៌ ថែមទាំងឱ្យប្អូនចេះចែករំលែក មានទំនួលខុសត្រូវក្នុងសង្គម និងមានសមត្ថភាពគ្រប់គ្រាន់នៅពេលដែលប្អូនចេញរៀននៅតាមសកលវិទ្យាល័យនានាមិនថាក្នុងប្រទេស ឬក្រៅប្រទេសទេ ហើយអនាគតនឹងក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាពទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយ គុណភាព និងប្រសិទ្ធភាព។
ជាចុងក្រោយសូមថ្លែងអំណរគុណមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានគាំទ្រ និងមានទំនុកចិត្តចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាផ្តល់ឱកាសដល់កូនៗ ឱ្យមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ សូមគោរពជូនពរ លោក លោកស្រី មាតាបិតា និងអ្នកអាណាព្យាបាល និងជូនពរប្អូនៗ សិស្សានុសិស្សទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
ការវិនិយោគលើចំណេះដឹងកូនលោកអ្នក នាំមកនូវផលប្រយោជន៉ដ៏ល្អបំផុត។
សួស្តីមាតាបិតា និងអ្នកអាណាព្យាបាលសិស្សានុសិស្សជាទីរាប់អាន!
ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយដែលបានណែនាំខ្លួនក្នុងនាមជាអនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
យើងសង្ឃឹមថាតាមរយៈគេហទំព័ររបស់សាលារៀនយើងខ្ញុំ មាតាបិតា ឬអ្នកអាណាព្យបាលនឹងបានឃើញសកម្មភាពសិក្សានានាដ៏សម្បូរបែប ទីធ្លាសាលាដ៏មានផាសុកភាព និងបរិក្ខារសិក្សាទំនើបៗសម្រាប់បម្រើដល់ការសិក្សារបស់សិស្សានុសិស្សដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់ជូន។ យើងប្តេជ្ញា និងសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនឹងសិក្សានូវកម្មវិធីសិក្សាស្តង់ដាជាតិនិងទទួលបានចំណេះដឹងពិត ហើយក្លាយជាសិស្សដែលមានវិន័យ សីលធម៌ និងសុជីវធម៌ល្អ និងជាពលរដ្ឋដ៏មានសក្កានុពលដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ បន្ថែមលើសនេះ សិស្សានុសិស្សទាំងអស់អាចសិក្សាបន្ថែមលើជំនាញបំណិនជីវិតជាច្រើនទៀត។
សាលារៀន អន្តរទ្វីប អាមេរិកាំង អនុវត្ត និងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាក្រសួងអប់រំ យុវជន និងកីឡាដែលធ្វើឱ្យសិស្សានុសិស្សនិងគ្រូទទួលបានជោគជ័យក្នុងការរៀន និងបង្រៀន។ កម្មវិធីសិក្សាអភិវឌ្ឍចំណេះដឹងជំនាញ និងឥរិយាបថរបស់សិស្សសាលារៀនបានផ្តោតទៅលើចំណេះដឹងដែលជាតម្រូវការថ្ងៃអនាគតរបស់សិស្សដូចជា ជំនាញទន់តាមរយៈ ការស្រាវជ្រាវ ការងារក្រុម ការងារសហគមន៍ (CSR) សិក្ខាសាលា ទស្សនកិច្ចសិក្សា និងកម្មសិក្សាទាំងក្នុងនិងក្រៅប្រទេស។ យើងក៏បណ្តុះបំណិនក្នុងការអានដែលធ្វើឱ្យសិស្សានុសិស្សមានទម្លាប់បើកទូលាយចែករំលែកនិងទទួលយកចំណេះដឹងថ្មីៗ។
យើងក៏ជឿថាទំនាក់ទំនងរឹងមាំរវាងសិស្ស គ្រូ និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សមានសារៈសំខាន់ណាស់ក្នុងជួយសិស្សរៀនបានជោគជ័យ។ ការសហការរវាងសាលាជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សវាមានសារៈសំខាន់បំផុតក្នុងជួយឱ្យការសិក្សារបស់សិស្សានុ សិស្សទទួលបានផ្លែផ្កាជាវិជ្ជមាន។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានអ្វីៗគ្រប់យ៉ាងដើម្បីបន្តដំណើរការអប់រំសិស្សានុសិស្សរបស់យើងទទួលបានជោគជ័យ ព្រោះយើងជាសាលារៀនថ្នាក់ជាតិដែលឈានមុខគេដោយផ្តោតសំខាន់លើ គុណភាព វិន័យ និងសេវាកម្ម។
យើងទន្ទឹងរង់ចាំជួបមាតាបិតា ឬអ្នកអាណាព្យាបាល និងកូនៗរបស់លោកអ្នកក្នុងពេលឆាប់ៗខាងមុខនេះ។
សូមអរគុណ!