លោក សែម ពេជ្រ គឺជាមនុស្សម្នាក់ដែលអត់ធ្មត់ មិនរុញរានឹងការងារ ហើយគឺជាមនុស្សដែលចូលចិត្ត វិស័យកីឡា ជាពិសេសវិស័យកីឡាបាល់ទាត់។ លោកបានបញ្ចប់ការសិក្សា នៅសាលាមធ្យមសិក្សាអប់រំកាយ និងកីឡា និងបរិញ្ញាបត្រភាសាអង់គ្លេស នៅសកលវិទ្យាល័យ ធនធានមនុស្ស។ បច្ចុប្បន្នលោក ជានាយកកីឡានៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាសាលាមួយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាក់សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់តាំងពី័វ័យកុមារ ហើយលោកក៏ធ្លាប់ជាប់ជាកីឡាករបាល់ទាត់ជម្រើសជាតិផងដែរ។ នៅថ្ងៃ០១ ខែតុលា ឆ្នាំ២០០១ លោកបានក្លាយជាគ្រូអប់រំកាយ និងកីឡា នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៧ លោកបានចូលបម្រើការងារជាគ្រូកីឡាបាល់ទាត់ (បុគ្គលិកក្រៅម៉ោង) នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ បន្ទាប់មកនៅឆ្នាំ២០០៨ លោកក៏បានប្តូរតួនាទីជាគ្រូវិន័យ និងកីឡា ហើយនៅឆ្នាំ២០០៩ លោកបានដំឡើងតួនាទីជាប្រធានផ្នែកកីឡា។
ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារ ក្នុងរយៈពេល០៩ឆ្នាំ ដែលលោកបានបម្រើការងារជូនសាលារៀន អន្ដរទ្វីប អាមេរិកាំង លោកត្រូវបានដំឡើងតួនាទីជានាយកកីឡា និងជាប្រធានក្រុមប្រឹក្សាវិន័យ នៅឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន។