ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) ត្រៀមខ្លួនចូលទីផ្សារមូលបត្រកម្ពុជា (CSX) នៅដើមឆ្នាំ២០២៣

នៅថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) និងក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក - RHB Securities (Cambodia) Plc. ដែលត្រូវបានតែងតាំងជាភ្នាក់ងារធានាមូលបត្រ បានចូលជួប ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. ដើម្បីបង្ហាញឆន្ទៈក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។

ក្រុមហ៊ុន MJQE យើងខ្ញុំបានត្រៀមខ្លូនរួចជាស្រេច និងកំពុងរៀបចំនីតិវិធី និងលក្ខខណ្ឌតម្រូវតាមបទបញ្ញត្តិ ដើម្បីស្នើសុំការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (SERC) និងផ្សារមូលបត្រកម្ពុជា (CSX) ហើយរំពឹងទុកថាដំណើរការចុះបញ្ជីនៅផ្សារមូលបត្រនេះនឹងបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ដោយសារវិស័យអប់រំគឺជាវិស័យអាទិភាព និងជាគន្លឹះនៃការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ ស្របពេលដែលប្រទេសកម្ពុជាយើងមានសុខសន្តិភាពល្អផងនោះ យើងខ្ញុំមានក្តីសង្ឃឹមជឿជាក់ថា យើងនឹងទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសាធារណជនដែលនឹងជួយឱ្យសកម្មភាពជួញដូរភាគហ៊ុនកាន់តែមានសន្ទុះខ្លាំងឡើង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជម្រុញឱ្យវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើងកាន់តែមានភាពរឹងមាំ និងគុណភាពអប់រំប្រកបដោយស្តង់ដាខ្ពស់បំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រជាមួយយើងខ្ញុំទាំងអស់គ្នា ហើយយើងខ្ញុំប្តេជ្ញាថានឹងបន្តផ្តល់សេវាអប់រំប្រកបដោយគុណភាពខ្ពស់ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីជាតិ  តាមរយៈការបង្រៀនប្រកបដោយគុណភាព ទំនើបកម្មសម្ភារបរិក្ខារ និងសកម្មភាពច្នៃប្រឌិត ដើម្បីបង្កើនបទពិសោធន៍សិក្សាដល់សិស្សានុសិស្សរបស់យើង។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ថ្ងៃទី0១ ខែធ្នូ ឆ្នាំ២0២២