៣គន្លឹះជួយមនុស្សជំនាន់ Z ដើម្បីបំពេញការងារដោយប្រសិទ្ធភាពជាមួយមនុស្សគ្រប់ជំនាន់

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីវកម្ម 
ក្រោមប្រធានបទ “៣គន្លឹះជួយមនុស្សជំនាន់ Z ដើម្បីបំពេញការងារដោយប្រសិទ្ធភាពជាមួយមនុស្សគ្រប់ជំនាន់”
អត្ថបទដកស្រង់ដោយ : សុខ សូនីដា
#MJQE#AmericanInterconSchool

មនុស្សជំនាន់ Z ត្រូវបានគេកំណត់ថាជាជំនាន់មនុស្សក្មេងជាងគេបំផុត នៃជំនាន់មនុស្សទាំង៥ ដោយពួកគេអាចកើតចន្លោះឆ្នាំ១៩៩៧ និងឆ្នាំ២០១២។ យ៉ាងណាមិញ បើតាមការចេញផ្សាយរបស់ Linked in   គម្លាតជំនាន់បានបង្កើតជាជម្លោះនៅកន្លែងការងារ ដោយប្រមាណ ៧០% នៃបុគ្គលិកវ័យចំណាស់បានច្រានចោលសមត្ថភាពរបស់បុគ្គលិកវ័យក្មេង ហើយប្រមាណ ៥០% នៃបុគ្គលិកវ័យក្មេងវិញ ក៏បានច្រានចោលសមត្ថភាពបុគ្គលិកវ័យចាស់ដែរ ហើយបង្កើតជាការមិនទុកចិត្ត និងការយល់ច្រឡំដែលនាំឱ្យមានជម្លោះក្នុងកន្លែងការងារ។

ការស្ទង់មតិរបស់ CEO បានបង្ហាញថា ៥៥% នៃអ្នកដឹកនាំជឿថា ការខ្វះទំនុកចិត្តនៅកន្លែងធ្វើការ គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះក្រុមហ៊ុនរបស់ពួកគេ ដោយនិយាយឱ្យសាមញ្ញទៅ ប្រសិនបើអ្នកចង់ឱ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យយូរអង្វែង ចាំបាច់ត្រូវបង្កើតទំនុកចិត្តក្នុងចំណោមមិត្តរួមការងារគ្រប់ជំនាន់។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនជួយឱ្យមនុស្សជំនាន់ Z ចាប់ផ្តើមបង្កើតការជឿទុកចិត្ត និងការសហការគ្នាក្នុងចំណោមបុគ្គលិកជំនាន់ផ្សេងៗបានល្អ៖

១. បង្កើតការបណ្តុះបណ្តាល និងការណែនាំមនុស្សជំនាន់ផ្សេងៗ : 
ការសិក្សាមួយរបស់ Frontiers in Psychology បានរកឃើញថា ទោះបីជាមនុស្សជំនាន់មុនរំភើបចិត្ត ឬចង់រៀនអំពីបច្ចេកវិទ្យាក៏ដោយ ក៏ប៉ុន្តែពួកគេនៅតែខ្មាស់អៀនដោយសារតែខ្វះការណែនាំ។ ដូច្នេះ មនុស្សជំនាន់ Z គួរប្រើទេពកោសល្យរបស់ខ្លួនណែនាំដល់បុគ្គលិកវ័យចំណាស់ ឬជំនាន់មុនអំពីបច្ចេកវិទ្យា។

២. ការបង្ហាញចំណេះដឹង : 
បង្កើតតម្លាភាពនៅកន្លែងធ្វើការ ដោយបង្ហាញជំនាញពិសេស ឬចំណេះដឹងដែលបុគ្គលិកម្នាក់ៗមាន។ ទន្ទឹមគ្នានេះ គួរលើកទឹកចិត្តឱ្យមានការចែករំលែកនូវអ្វីដែលជាជំនាញល្អបំផុតរបស់ពួកគេ។ នៅពេលសុំឱ្យនរណាម្នាក់និយាយអំពីចំណង់ចំណូលចិត្តរបស់ពួកគេ ឬជំនាញល្អបំផុតនៅកន្លែងធ្វើការ វាបង្កើនការគោរពក្នុងចំណោមក្រុមរបស់ពួកគេ។ ដូច្នេះ គួរអប់រំបុគ្គលិកអំពីអ្វីដែលត្រូវងាកមករកគ្នាទៅវិញទៅមក និងធ្វើឱ្យពួកគេកាន់តែរំភើបក្នុងការមកធ្វើការ។

៣. អនុវត្តបទពិសោធទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិត : 
ការងារនឹងក្លាយជាការកម្សាន្តទៅវិញ នៅពេលដែលអ្នកទទួលស្គាល់ភាពខុសគ្នារបស់មនុស្សទៅតាមជំនាន់នីមួយៗ។ មនុស្សនៅគ្រប់ជំនាន់ទាំងអស់យល់ស្របថា ការបំពេញការងារជាក្រុមប្រកបដោយកិច្ចសហការ និងសាមគ្គីភាព ជួយពង្រឹងវប្បធម៌នៅកន្លែងការងារមានភាពល្អប្រសើរ ព្រមទាំងធ្វើឱ្យពេលវេលា និងការខិតខំប្រឹងប្រែងកាន់តែមានតម្លៃខ្លាំងឡើង។ ដូច្នេះ ត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់អំពីកម្មវិធីដែលអ្នកជ្រើសរើស ព្រោះមនុស្សជំនាន់ Y (កើតចន្លោះ១៩៨១-១៩៩៤) និងជំនាន់ Z អាចនឹងចំណាយកម្លាំងច្រើនដើម្បីធ្វើវាដែលនាំឱ្យមានបញ្ហាជាច្រើន។ ខណៈ Baby Boomers (កើតចន្លោះឆ្នាំ១៩៤៦-១៩៦៤) និងជំនាន់ X (កើតចន្លោះឆ្នាំ១៩៦៥-១៩៧៦) មានទំនោរបំពេញការងារតាមរចនាសម្ព័ន្ធជំនាន់ពួកគេ។ មនុស្សចង់ធ្វើការជាមួយបុគ្គលដែលគេមានអារម្មណ៍រីករាយនឹងនៅក្បែរ ម្ល៉ោះហើយគួរជ្រើសរើសសកម្មភាពណាដែលជំរុញឱ្យមានការបង្កើតមិត្តភាពរវាងមនុស្សគ្រប់ជំនាន់។ ការស្រង់មតិពីនិយោជិកចំនួន៩១ភាគរយបានលើកឡើងថា ពួកគេរីករាយនឹងធ្វើការជាមួយមនុស្សដែលគេមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រៈ https://education.ams.com.kh