ដំណើរកម្សាន្តពេលអាកាសធាតុក្តៅ

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ "ដំណើរកម្សាន្តពេលអាកាសធាតុក្តៅ"
អត្ថបទដកស្រង់ដោយ : ពូន វាសនា
#MJQE#AmericanInterconSchool

ជាធម្មតានៅប្រទេសកម្ពុជាខែមេសាជារដូវប្រាំងមេឃក៏ក្តៅណាស់ដែរ ហើយក៏ជាពេលវេលា សម្រាប់ពេលចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ ដូច្នេះបានជាអ្នកខ្លះសាញមិនសូវចង់ទៅណា ព្រោះ អាកាសធាតុក្តៅហ្នឹង។ ថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាពីវិធីសាស្រ្តមួយចំនួនសម្រាប់ត្រៀមទុក ឱ្យហើយពេលទៅដើរកម្សាន្តក្នុងអាកាសធាតុក្តៅបែបនេះ អ្នកគួរត្រៀមសម្ភារៈដែលចាំបាច់ត្រូវមានដូចជា៖

១. គួរមានអាវក្រៅ ឬអាវដៃវែង :
អ្នកគួរតែពាក់អាវដៃវែង ឬមានអាវក្រៅតាមខ្លួនមួយទុកពាក់ពីលើពេលដើរកន្លែងក្តៅខ្លាំង ឬ ជ្រើសរើសសម្លៀកបំពាក់ណាដែលមានដៃវែងជើងវែងស្រាប់តែម្តងទៅកុំឱ្យពិបាក ព្រោះម៉ូតសម័យ នេះអ្វីក៏មានដែរ។ អត់មានអ្វីពិបាក ឬធ្ងន់ណាស់ទេគ្រាន់តែយកអាវក្រៅថែមមួយទៀតទៅជាមួយ ហើយអ្នកអាចពាក់តែពេលដើរ ចាំដោះចេញពេលថតរូបណាមួយវាក៏ជួយការពារស្បែករបស់អ្នកពីកម្ដៅថ្ងៃក្តៅផងដែរ កុំឱ្យខូចស្បែក។

២. គួរមានទឹកសម្រាប់ញុំាតាមខ្លួន :
ប្រាកដណាស់ថាទឹកសំខាន់! ទឹកជារបស់សាមញ្ញបំផុត តែមនុស្សនៅតែភ្លេច ឬមិនចង់យកតាមខ្លួន ព្រោះវាធ្ងន់ ប៉ុន្តែអ្នកគួរមានខ្លះយកតាមខ្លួនឱ្យហើយពេលដើរលេង កុំអាងចាំទៅទិញនៅកន្លែង ចុះបើអត់មានគេលក់ដូចយើងគិតវិញ ម៉្យាងទៀតខែក្តៅបែបនេះរាងកាយអ្នកត្រូវការទឹកជាចាំបាច់បំផុត។ ដូចនេះយកល្អ អ្នកគួរត្រៀមទឹកសុទ្ធខ្លះ ឬមានដប និងបំពង់ទឹកតាមខ្លួន ទោះពេលដើរលេងកន្លែងណាក៏ដោយ។

៣. គួរមានមួក ឬឆត្រ :
ត្រង់នេះ វាអាស្រ័យលើចំណូលចិត្ត កាលៈទេសៈ និងកន្លែងដែលអ្នកទៅផងដែរ ដូចនេះមួក និងឆត្រមានសារៈសំខាន់ម៉្យាងម្នាក់ទេ។ ឧទាហរណ៍ថា អ្នកទៅលេងខេត្តសៀមរាប ហើយមានគម្រោងជិះកង់ទៅតាមប្រាសាទនានា អ្នកគួរមានមួក ឬមួកសុវត្ថិភាពទើបប្រសើរ ព្រោះគ្មាននរណាធាក់កង់បណ្តើរ ទទូរឆត្របណ្តើរទេ! ប៉ុន្តែបើអ្នកជិះឡាន ហើយដើរតែតាមប្រាសាទ (មិនចូលប្រាសាទក្នុងព្រៃជ្រៅ) អ្នកអាចប្រើប្រាស់ឆ័ត្រវិញបាន ព្រោះវាសក្តិសមនឹងភាពស៊ីវិល័យ សមរម្យ និងបាំងថ្ងៃបានច្រើនទៀតផង។

៤. គួរមានវ៉ែនតាខ្មៅ :
វ៉ែនតាខ្មៅមិនត្រឹមតែបន្ថែមពីភាពសង្ហារនោះសម្រាប់អ្នកទេ វាថែមទាំងជួយការពារភ្នែកអ្នកពីការជះចូលនូវពន្លឺថ្ងៃក្តៅខ្លាំងទៀតផង។ ជាការពិតណាស់ ភ្នែកយើងមិនសូវជាត្រូវគ្នាជាមួយពន្លឺថ្ងៃទេ ជាពិសេសនារដូវក្តៅបែបនេះទៀត ដូចនេះអ្នកគួរមានវ៉ែនតាខ្មៅតាមខ្លួនពេលដើរលេងដែរ ហើយសម្រាប់អ្នកបើកបរយានយន្ត រឹតតែគួរពាក់វាទៀត ដើម្បីការពារភ្នែករបស់លោកអ្នកពីពន្លឺដែលជះចូលខ្លាំង។ បន្ថែមពិសេសសម្រាប់អ្នកម៉្ញូប ឬភ្នែកខ្សោយ អ្នកគួរបន្ថែមនូវថ្នាំបន្តក់ភ្នែកតាមខ្លួនផងដែរ ចៀសវាងភ្នែកស្ងួតខ្លាំង ដោយសារថ្ងៃក្តៅពេក។

៥. គួរមានឡេការពារកម្តៅថ្ងៃ :
សម្រាប់អ្នកធម្មតាប្រហែលមិនអី តែមានអ្នកខ្លះក៏ប្រតិកម្មជាមួយកម្តៅថ្ងៃណាស់ដែរ ដូច្នេះអ្នកគួរមានលាបក្រែម ឬឡេការពារកម្តៅថ្ងៃជាប់ខ្លួន ដើម្បីរក្សាសំណើមស្បែក និងមិនឱ្យពន្លឺព្រះអាទិត្យនាខែក្តៅបំផ្លាញបាន។

៦. គួរមានកន្សែង ឬក្រដាសជូតមាត់ :
គួរមានកន្សែងត្រជាក់ ឬក្រដាសជូតមាត់កុំឱ្យបែកញើសស្អុយខ្លួនពេក! យើងដឹងស្រាប់ហើយថា ដើរលេងពេញមួយថ្ងៃប្រាកដជាបែកញើសច្រើនណាស់ បើមេឃក្តៅ ហើយមានពេលឯណាមកងូត ទឹកសិនចាំដើរទៀតនុះ! ដូច្នេះមានតែសម្រួលៗទៅ! អ្នកគួរមានកន្សែង ឬក្រដាសសម្រាប់ជូតញើសចេញខ្លះ។ ធ្វើឱ្យមានការកាត់បន្ថយបាត់ក្លិនខ្លួនបានច្រើន។ មួយវិញទៀត សម្រាប់អ្នកពាក់ ស្បែកជើងឃ្លុប ឬប៉ាត់តា អ្នកក៏គួរផ្លាស់ប្តូរស្រោមជើងរបស់អ្នកដែរ ចៀសវាងក្លិន និងមេរោគជាប់ នឹងជើង។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ https://www.healthtime.tips/km/library/article/1917