អត្ថប្រយោជន៍របស់បច្ចេកវិទ្យាឌីជីថលសម្រាប់ធ្វើអាជីវកម្ម

បច្ចេកវិទ្យាឌីជីថលមានការវិវត្តឥតឈប់ឈរដែលទាមទារឱ្យសហគ្រិន និងម្ចាស់អាជីវកម្ម ត្រូវចេះប្រើប្រាស់ និងទាញយកផលប្រយោជន៍ជាវិជ្ជមានពីបច្ចេកវិទ្យាឌីជីថលទាំងនោះ ដើម្បីអាចសម្របខ្លួនទៅនឹងបរិបទដែលមានការប្រែប្រួល និងអាចរក្សាភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារ។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលអាចផ្តល់អត្ថប្រយោជន៍នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃវិស័យជាច្រើនរួមមាន៖

អ៊ីនធើណែតនៃវត្ថុ (Internet of Things) : សំដៅដល់បណ្តានៃឧបករណ៍រូបវន្តដែលបង្កប់ដោយឧបករណ៍ចាប់សញ្ញា (Sensor) ដែលតភ្ជាប់ឧបករណ៍ទាំងនោះឱ្យមានទំនាក់ទំនងគ្នា។ វាតាមដានសកម្មភាពសំខាន់ៗមួយចំនួនដូចជា ការចេញចូលនៃទំនិញ ប្រមូលព័ត៌មានអំពីសីតុណ្ហភាព សម្ពាធ សំណើមនៅក្នុងកន្លែងផ្ទុក និងដំណើរការដឹកជញ្ជូន។

ប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing) : វាផ្ទុកទិន្នន័យនៅលើអ៊ីនធើណែត ជាជាងផ្ទុកក្នុងកុំព្យូទ័រ ដែលធានាបានថាទិន្នន័យទាំងអស់ទាក់ទងនឹងខ្សែច្រវាក់ផ្គត់ផ្គង់នៅគ្រប់វិស័យ ត្រូវបានរក្សាទុកនៅកន្លែងមានសុវត្ថិភាព និងអាចចូលប្រើប្រាស់ទិន្នន័យបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលមានអ៊ីនធើណែត។

បញ្ញាសិប្បនិម្មិត និងម៉ាស៊ីនសិក្សា (Artificial Intelligence and Machine Learning) : អ្នកផលិតអាចប្រមូលទិន្នន័យពីតំបន់ផ្សេងៗគ្នា និងធ្វើការវិភាគកែលម្អភាពមិនប្រក្រតីនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយផ្អែកលើទិន្នន័យទាំងនោះ បើទោះបីមានលក្ខណៈស្មុគស្មាញក៏ដោយ។ វាត្រូវបានប្រើប្រាស់ដើម្បីបំពេញមុខងារសំខាន់ៗដូចជា ការព្យាករពីហានិភ័យដែលអាចកើតឡើង ការកំណត់អត្តសញ្ញាណ ផ្តល់ដំណឹង និងកែលម្អភាពមិនប្រក្រតីពាក់ព័ន្ធដំណើរការផលិត ឬភាពមិនប្រក្រតីនៃទិន្នន័យ និងការកំណត់កាលវិភាគបញ្ជាទិញជាដើម។

ដំណើរការស្វ័យប្រវត្តិកម្ម (Robotic Process Automation) : វាសម្រួលដល់ដំណើរការខ្សែច្រវាក់ផ្គត់ផ្គង់ដូចជា ការទទួលបញ្ជាទិញ តាមដានការដឹកជញ្ជូន ការប្រមូលផលដោយស្វ័យប្រវត្តិដែលប្រើប្រាស់ក្នុងវិស័យកសិកម្ម ការវិភាគទិន្នន័យដែលមិនសូវស្មុគស្មាញ និងការបញ្ចូលទិន្នន័យដោយស្វ័យប្រវត្តិ។ ជារួមវាជួយបង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ ចំណេញពេលវេលា និងជាជំនួយដល់កម្លាំងពលកម្មផងដែរ។

ទិន្នន័យធំ និងការវិភាគ (Big Data and Analytics) : ជួយដល់ការប្រមូលទិន្នន័យទាក់ទងនឹងខ្សែច្រវាក់ផ្គត់ផ្គង់ពីឧបករណ៍ចាប់សញ្ញាដូចជា ចំនួនផលិត ដំណើរការម៉ាស៊ីន គ្រប់គ្រងទិន្នន័យសន្និធិ ទិន្នន័យដឹកជញ្ជូន នៅក្នុងឧស្សាហកម្ម។ សហគ្រិន និងម្ចាស់អាជីវកម្មអាចស្វែងរកឬសគល់នៃបញ្ហាដែលអាចកាត់បន្ថយហានិភ័យ រៀបចំយុទ្ធសាស្រ្តឱ្យកាន់តែមានប្រសិទ្ធភាព ប្រើធនធានឱ្យអស់លទ្ធភាព និងកាត់បន្ថយការចំណាយ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://news.sabay.com.kh/article/1342803#utm_campaign=onpage