វិញ្ញាសាប្រកួតកីឡាអុកចត្រង្គ ក្នុងក្របខណ្ឌកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំវិញ្ញាសាប្រកួតកីឡាអុកចត្រង្គ ក្នុងក្របខណ្ឌកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ យោងតាមប្រសាសន៍របស់ប្រធានសហព័ន្ធអុកចត្រង្គបានដឹងថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានវិញ្ញាសាប្រកួតកីឡាអុកចត្រង្គ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វិញ្ញាសានេះ នឹងមានអ្នកចូលរួមប្រកួតចំនួន៧ប្រទេស រួមមានប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ ប្រទេសឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ដែលមានកីឡាករសរុបចំនួន៦២រូប។ ចំពោះវិញ្ញាសាដែលត្រូវប្រកួត គឺមានចំនួន៧វិញ្ញាសា។ ក្នុងនោះ ប្រទេសកម្ពុជានឹងមានកីឡាករសរុបចំនួន១២រូប កីឡាការីនីមានចំនួន០២រូប។ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កីឡាករទាំងអស់បានត្រៀមខ្លូនរួចជាស្រេច ក្នុងការប្រឹងប្រែងស្វែងរកលទ្ធផលល្អ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាជាតិរបស់យើង។

កីឡាមួយប្រភេទនេះបានចាប់កំណើតឡើងនៅក្នុងសម័យអង្គរ នាឆ្នាំ៨០០ នៃគ្រិស្តសករាជ។ ប្រជាជនខ្មែរនិយមចូលចិត្តលេងអុកនេះខ្លាំងណាស់ ព្រោះថាការលេង «អុក» គឺមិនខុសពីយុទ្ធសាស្ត្រក្នុងការរៀបចំក្បួនទ័ពធ្វើសឹកសង្គ្រាមនោះឡើយ។ ល្បែង «អុក» អាចលេងដោយមនុស្ស២នាក់ ឬដោយមនុស្ស២ក្រុម ដែលធ្វើឱ្យការលេងកាន់តែជក់ចិត្ត និងអស្ចារ្យ។ ការលេង «អុក» អាចធ្វើឱ្យមនុស្សមានភាពឈ្លាសវៃជាងមុន ព្រោះត្រូវរៀបចំក្បួនប្រយុទ្ធនឹងសត្រូវ វាយប្រហារ រត់គេច និងការការពារជាដើម ដែលតម្រូវឱ្យមនុស្សប្រើខួរក្បាលគិតច្រើន លើការដើរម្តងៗដោយប្រុងប្រយ័ត្ន ដើម្បីទទួលយកជ័យជម្នះ។ ដូច្នេះអ្នកដែលមានប្រាជ្ញាអន់ជាងសត្រូវ អ្នកនោះនឹងត្រូវចារពាក្យ “ចត្រង្គ” មកពីពាក្យសំស្ក្រឹត មានន័យដូចគ្នានឹងពាក្យខ្មែរថា “អុក”។ ពាក្យ “ចត្រង្គ” ដែលបានឱ្យកំណើតមកជាពាក្យ «អុក» របស់ខ្មែរបច្ចុប្បន្ន តាមវចនានុក្រមខ្មែរ មានន័យថា ទ័ពទាំង៤គឺ «ទ័ពសេះ, ទ័ពដំរី, ទ័ពថ្មើរជើង និងទ័ពជើងទឹក»។ វាអាចជាសញ្ញាឆ្លុះបញ្ចាំងឱ្យឃើញថា ការរៀបចំទ័ពទាំង៤ប្រភេទនេះ គឺជាកាតព្វកិច្ចរបស់មេទ័ព។ រីឯពាក្យ «អុក» វិញ ដែលជាពាក្យខ្មែរសុទ្ធសាធ មានន័យថា «ដាក់កូនអុកនៅត្រង់ក្រឡាសម្លាប់ដោយធ្ងន់ដៃ ហើយថែមទាំងប្រាប់ដៃគូឱ្យដឹងខ្លួនថាខ្លួនកំពុងអុកផង»។

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះសង្ឃឹមថាកម្ពុជានឹងទទួលបានជ័យលាភីលើវិញ្ញាប្រកួតកីឡាអុកចត្រង្គ និងពង្រីកវិសាលភាពកីឡានេះឱ្យពិភពលោកបានស្គាល់កាន់តែទូលំលាយថែមទៀត។ អាស្រ័យហេតុនេះសូមឱ្យប្រជាជនខ្មែរគ្រប់រូបមានគំនិតសុទិដ្ឋិនិយម ជាតិនិយម រក្សានូវកេរតំណែលល្អៗដែលដូនតាបន្សល់ទុក ដូចពាក្យចាស់បុរាណលើកឡើងថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាង៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
 https://www.kampucheathmey.com/belief/298419
 https://spktliv.com/archives/9584
 https://www.tvk.gov.kh/?p=18881

 

 

 

 

 

ថ្ងៃទី០៩ ឧសភា ២០២៣