ពិធីបុណ្យដារលាន

បុណ្យដារលាន ជាពិធីបុណ្យដែលទាក់ទងទៅនឹងជំនឿសាសនា ជាប្រពៃណីរបស់ជនជាតិខ្មែរ។ ដារលាន មានន័យថា «ការឆ្លងទីដីវាលរលីង»។   ជារៀងរាល់ឆ្នាំ ប្រជាកសិករខ្មែរគ្រប់ភូមិ-ស្រុកទូទាំងប្រទេស ក្រោយពីបញ្ចប់ការច្រូតស្រូវ បោកបែនរួចរាល់ជាស្ថាពរហើយនោះ ចាស់ទុំក្នុងភូមិតែងតែងជជែកពិគ្រោះយោបល់គ្នា ដើម្បីលៃលកពេលវេលាសមស្របណាមួយដើម្បីអាចធ្វើបុណ្យដារលានបាន។ ចង់ដឹងថាតើពិធីបុណ្យដារលាន មានប្រវត្តិយ៉ាងដូចម្ដេច? ហើយតើពិធីបុណ្យមួយនេះគេរៀបចំធ្វើយ៉ាងដូចម្ដេច? 

បុណ្យដារលានអ្នកស្រុកហៅខុសៗគ្នា អាស្រ័យទៅតាមតំបន់នីមួយៗដូចជា ខ្លះហៅបុណ្យបោសលាន បុណ្យសាមគ្គី បុណ្យកណ្តាលភូមិ និងបុណ្យដារបាតលានជាដើម។ ថ្វីបើបុណ្យនេះមានឈ្មោះខុសគ្នាច្រើនអន្លើក៏ពិតមែន តែគោលបំណងសំខាន់នៃពិធីបុណ្យ មានទិសដៅតែម្យ៉ាងគត់ គឺដើម្បីរំឭកដឹងគុណម្ចាស់ទឹក ម្ចាស់ដី ដែលបានបន្សល់ទុកនូវមត៌កដ៏ត្រកាលនេះ ឱ្យកូនចៅជំនាន់ក្រោយប្រកបរបរចិញ្ចឹមជីវិត។ តាមពិតទៅខ្មែរយើងគោរព            ធម្មជាតិពីរ គឺទឹក និងដី ព្រោះទឹក និងដីមានសារប្រយោជន៍ដល់ការប្រកបរបរកសិកម្ម ជាពិសេសគឺការផ្តល់នូវភោគផលស្រូវអង្ករ ដែលបានចិញ្ចឹមពួកគេឱ្យមានជីវិតរស់នៅ និងជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិសាសន៍ខ្មែរ។ ទន្ទឹមនេះ គឺដើម្បីសុំខមាទោសនូវអំពើឆ្គាំឆ្គងទាំងឡាយដែលគេបានប្រព្រឹត្តប៉ះពាល់ក្នុងរដូវបង្កបង្កើនផល ដូចជាការបន្ទោបង់ទឹកមូត្រ ឬដើរជាន់នៅលើទីវាលស្រែជាដើម ព្រោះព្រះធរណីជាប្រភពធ្វើឱ្យស្រូវដុះលូតលាស់។ ព្រឹទ្ធាចារ្យជំនាន់ដើមចាត់ទុកថា ស្រូវអង្ករជាអ្នកមានគុណប្រៀបដូចម្តាយ ហេតុដូច្នេះហើយបានជាមានពាក្យថា “ព្រះមេ” រៀងរហូតមក។ 

ភាពជាក់ស្តែងនាសម័យដើម គឺនៅពេលមិនទាន់មានម្សៅ ឬទឹកដោះគោបំបៅទារក ម្តាយមិនអាចឃ្លាតចាកទៅឆ្ងាយពីកូននៅជាទារកបានយូរឡើយ។ ប្រសិនបើម្តាយបានទទួលអនិច្ចកម្មដោយប្រការណាមួយនោះ ទារកច្បាស់ជាមិនអាចទ្រាំទ្រជីវិតឱ្យបានរស់នៅតទៅទៀតបានទេ។ ក្នុងស្ថានភាពលំបាកបែបនេះ អ្នកដែលមើលថែទារកតែងតែដោះស្រាយ ដោយយកអង្ករទៅបបរ រម្ងាស់បញ្ចុកទារកឱ្យអាចមានជីវិតរស់នៅបានរហូតដល់ពេញរូបរាង ។  ចំណែកប្រជារាស្ត្រខ្មែរទាំងអស់ ក៏តែងទទួលទានបាយដើម្បីទ្រទ្រង់ជីវិតឱ្យបានរស់នៅស្ថិតស្ថេរដែរ។  ហេតុដូច្នេះហើយបានជាមុននឹងពិសា “បាយ” ព្រឹទ្ធាចារ្យខ្មែរទាំងអស់តែងតែលើកដៃសំពះសូមអរគុណចំពោះព្រះមេជានិច្ច។ លោកតែងតែពន្យល់កូនចៅឱ្យមានការប្រុងប្រយ័ត្នក្នុងការទទួលទានបាយ គឺកុំឱ្យជ្រុះធ្លាក់រាត់រាយឥតប្រយោជន៍ ដោយពន្យល់ទៀតថា ការជ្រុះឥតប្រយោជន៍នេះ នឹងទទួលបាបមិនខាន។  នៅពេលលាងអង្ករ ក៏លោកពន្យល់កុំឱ្យខ្ជះខ្ជាយដែរ គឺសម្រិតទឹកដោយប្រុងប្រយ័ត្ន។  ប្រសិនបើអង្ករដោយតាមទឹកខ្លះនោះ ត្រូវនិយាយសុំទោស ហើយជះទឹកដែលលាងមានអង្ករខ្លះនោះទៅឱ្យសត្វមាន់ ចាបស៊ី ដើម្បីបានជាប្រយោជន៍ក្នុងការសាងកុសលផង។ ដោយឡែកពិធីបុណ្យនេះ មានអត្ថន័យដ៏វិសេសវិសាលមួយទៀត គឺដើម្បីរំឭកគុណចំពោះបុព្វការី ជនទាំងឡាយដែលបានខិតខំកាប់គាស់ព្រះធរណី ដើម្បីឱ្យគេមានដីស្រែធ្វើ និងរំឭកគុណដល់ព្រះភិរុណ ដែលបានបង្អុរមកគ្រប់គ្រាន់ ធ្វើឱ្យដំណាំរបស់គេបានដុះលូតលាស់ និងចេញផ្លែផ្កាបានល្អ។  ម្យ៉ាងទៀតក្នុងពិធីបុណ្យនេះ ក៏បានរៀបចំបួងសួងសែនព្រេនផងដែរដល់ព្រះភូមិ ដែលជាម្ចាស់ទឹកម្ចាស់ដី និងដល់វត្ថុស័ក្តិសិទ្ធិនានា សូមមេត្តាជួយឱ្យគេបានសេចក្តីសុខ ជួយឱ្យបានភោគផលស្រូវទៅថ្ងៃមុខច្រើនបរិបូរ។ ម្យ៉ាងទៀត ពិធីនេះក៏បានផ្តល់លទ្ធភាពឱ្យប្រជាកសិករជួបជុំមូលមិត្តជិតឆ្ងាយ បានពិភាក្សាគ្នាទៅវិញទៅមកអំពីផលស្រូវ និងរឹតចំណងសាមគ្គីភាព មនោសញ្ចោតនា រវាងញាតិមិត្តជិតឆ្ងាយទាំងអស់ផងដែរ ។

ពិធីជាផ្លូវការនៃការដារលានបានបញ្ចប់មែន តែការកំដរជីវិតក្រោយពេលបំពេញការងារយ៉ាងប្តូរផ្តាច់អស់មួយរដូវកន្លងមក ទ្រាំទ្រក្រោមកម្តៅថ្ងៃ ឬតំណក់ទឹកភ្លៀងនោះ បានធ្វើឱ្យគេមានការនឿយហត់យ៉ាងខ្លាំង។  ដូច្នេះឱកាសនេះ គេត្រូវការសម្រាកកម្សាន្តខ្លះដែរ។ ការសម្រាកកម្សាន្តនៃអ្នករស់នៅជនបទ គឺគេប្រមូលគ្នាដោយណាត់ទីមកកន្លែងដារលាននេះក្នុងពេលព្រលប់ ត្រជាក់ដើម្បីរាំកម្សាន្ត។ គេក៏អាចណាត់គ្នានៅទីធ្លាកណ្តាលភូមិ ឬនៅមុខផ្ទះនរណាម្នាក់ដែលមានទីធ្លាធំអាចដំណើរការបានស្រួលដែរ។

ពិធីដារលាន និងការរាំកម្សាន្តក្រោយពេលបំពេញការងារ ដែលយើងបានរៀបរាប់មកនេះ វាគ្រាន់តែជាការតំណាងឱ្យពិធីដទៃផ្សេងទៀត ដែលខ្មែរយើងតែងនិយមរៀបចំក្រោយបំពេញភារកិច្ច ដោយមិនសូវអាក់ខានឡើយ។ កិច្ចប្រារឰពិធីទាំងអស់នេះ គឺជាប្រពៃណី ជាទម្លាប់ ឬជាសីលធម៌ ដែលខ្មែរតែងរៀបចំដើម្បីដឹងគុណចំពោះអ្នកដែលមានគុណទាំងឡាយ និងដើម្បីសម្រាកកម្សាន្តសប្បាយ ឬដើម្បីភ្ជាប់មនោសញ្ចោតនាសាមគ្គីភាពរវាងញាតិមិត្តជិតឆ្ងាយទាំងអស់។ ម្យ៉ាងទៀត ការរៀបចំពិធីនីមួយៗនោះ មិនមានអ្នកជំហរចេញប្រាក់កាសទេ តែកើតដោយចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួន ដែលគេមានជំនឿក្នុងការកសាងកុសល ដោយមិនមើលបំណាំថា អ្នកណាចេញច្រីន អ្នកណាចេញតិចឡើយ។

ជារួមប្រពៃណីបុណ្យដារលាន ត្រូវបានពុទ្ធបរិស័ទទូទាំងប្រទេសតែងតែប្រារឰឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរក្សានូវអត្តសញ្ញាណព្រលឹងជាតិខ្មែរឱ្យបានគង់វង្ស ក៏ដូចជាការបង្កឱកាសដល់កសិករឱ្យមានការជួបជុំញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមផ្លាស់ប្តូរយោបល់គ្នា លើការងារបង្កបង្កើនផលឆ្នាំកន្លងមក និងជាពិសេសដើម្បីចូលរួមកម្សាន្តសប្បាយ បន្ទាប់ពីការចំណាយអស់នូវកម្លាំងកាយ កម្លាំងចិត្តគ្រប់បែបយ៉ាង ក្រោមកម្តៅព្រះអាទិត្យ និងភ្លៀងផ្គរ យ៉ាងប្តូរផ្តាច់អស់រយៈពេលមួយរដូវនៃការងារបង្កបង្កើនផលរបស់ខ្លួនកន្លងមក៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.vayofm