ទំនៀមលៀងមេមត់ របស់អ្នកស្រុកនៅតំបន់អង្គរ

ជារៀងរាល់ឆ្នាំ តាំងពីបរមបុរាណមក ឱ្យតែដល់ខែមាឃ អ្នកស្រុកអង្គរដែលមានជំនឿ និងរក្សាបានខ្ជាប់ខ្ជួននូវមរតកទាក់ទងនឹងពិធីលៀងមេមត់ តែងប្រារព្ធពិធីនេះមិនដែលខកខាននៅតាមភូមិស្រុករបស់ខ្លួនយ៉ាងអធិកអធម។ ជាក់ស្តែង នៅផ្ទះអ្នកស្រី គង់ ជាគ្រូធំមួយមានគេគោរពច្រើន ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្ត/ក្រុងសៀមរាប។ 

តាមប្រសាសន៍របស់អ្នកស្រី គង់ ការរៀបចំលៀងមេមត់ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ឱ្យព្រលឹងដូចតាជាគ្រូកំណើត ជាឈ្នួរបានរាំរែកឱ្យសប្បាយមួយឆ្នាំម្តង និងឱ្យអ្នកស្នងរូប ជារូប ជាអង្គពីជំងឺឈឺក្បាលវិលមុខផ្សេងៗ។ សម្រាប់អ្នកស្រី ដែលមានគ្រូធំជាស្តេចស្វា ហៅថា «ព្រះរាជគ្រូ» ចូលសណ្ឋិតជាង១០ឆ្នាំមកហើយនោះ ដំបូងមិនបានជឿលើជំនឿនេះទេ រហូតឈឺត្រដាបត្រដួសស្ទើរស្លាប់ស្ទើររស់ រកពេទ្យបីបួនមើលមិនជា ដាក់ថ្នាំមិនត្រូវ ដល់ថ្នាក់ឈឺទាំងកូន ទាំងប្តី ទើបចាប់ផ្តើមរៀបចំអាសនៈ គ្រឿងរណ្តាប់សម្រាប់គ្រូដែលចង់នៅជាមួយ ហើយប្រតិបត្តិតាមដោយកាន់សីល កាន់ធម៌សច្ចៈ ក៏បានជាសះស្បើយ គ្រួសារក៏សុខសប្បាយ ជីវភាពក៏ធូរធារជាងមុន។ អ្នកស្រីត្រូវបានអ្នកភូមិ និងក្រៅភូមិស្រុកផងចូលមកឱ្យជួយព្យាបាលជំងឺ ដោះអំពើផ្លូវងងឹត ទស្សន៍ទាយ ស្រោចទឹក លើករាសីក្នុងការរកស៊ី កាត់គ្រោះជាហូរហែ។ លើសពីនោះទៀត គាត់ក៏ជាអ្នកប្រោះព្រំ បង្កក់រាសីដល់មេមត់ផ្សេងៗទៀតនៅក្នុងស្រុក ក្រៅស្រុក តាមដែលគេជឿជាក់ និងគោរពរាប់អាន រហូតដល់គេហៅថាជា «គ្រូធំ»។ ដូច្នេះហើយ រៀងរាល់ឆ្នាំ គេតែងរៀបចំលៀងមេមត់នៅផ្ទះរបស់គាត់ ព្រោះគេជឿថាមានតែគ្រូធំទេ ដែលអាចការពារយិតយោងមេមត់ផ្សេងៗ និងការផ្ចាញ់ផ្ចាលពីសភាវៈអាក្រក់មកយាយីបៀតបៀនបាន។

ក្នុងនាមជាគ្រូធំម្នាក់ អ្នកស្រីមានតួនាទីមើលថែ ការពារ និងយឹតយោងមេមត់ផ្សេងៗដែលមកលៀងពីពួកសភាវៈអាក្រក់កុំឱ្យបៀតបៀនតាមផ្លូវងងឹត រួមទាំងសម្របសម្រួលដល់មេមត់ខ្លះទៀតដែលទើបមកថ្មី ហើយក៏ជាអ្នកសួរនាំពីបំណង ឬតម្រូវការរបស់ព្រលឹងនៃរូបនោះផងដែរពេលរូបនោះនិយាយអ្វីប្រាប់។ ចំពោះអ្នកស្រី «មេមត់» គ្រាន់តែជាព្រលឹងដូនតាដែលបានស្លាប់ទៅក្លាយជាខ្មោចដែលមានឫទ្ធិអំណាចព្រោះធ្លាប់ជាអ្នករៀនមន្តវិជ្ជាការផ្សេងៗកាលនៅរស់ ដែលខ្លះកាច ខ្លះស្លូត ក្រមិចក្រមើម រប៉ិលរប៉ូចតាមនិស្ស័យជាមនុស្សកាលនៅរស់ តែមិនមែនវិញ្ញាណអាក្រក់ ស្មោកគ្រោក ដើរធ្វើបាបកូនចៅ ឬអ្នកណាផ្សេងនោះទេ។ ព្រលឹងទាំងនេះតែងតែនៅជាមួយកូនចៅណាម្នាក់ក្នុងគ្រួសារដែលមាននិស្ស័យជាមួយ ហើយទាមទារឱ្យយើងជាអ្នកកាន់ អ្នកស្នងរូបគោរព រំឭកនឹកគុណ មិនឱ្យធ្វើអ្វីដែលអាក្រក់ និងរៀបគ្រឿងរណ្តាប់តាមអ្វីដែលត្រូវការ ហើយចង់រាំរែកឱ្យសប្បាយរីករាយតែប៉ុណ្ណោះ។ បើយើងធ្វើតាមបាន យើងក៏សុខសប្បាយ តែបើយើងល្មើស ធ្វើអាក្រក់ ខុសប្រពៃណី មិនអើពើ នឹងធ្វើឱ្យអ្នកនោះ ឬកូនចៅមានជំងឺតម្កាត់ ឬរកស៊ីមិនសូវធូរធារ តែបើយើងដឹង ហើយកែខៃវិញ នោះនឹងបានល្អប្រសើរ។

ពិធីលៀងមេមត់ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្នុងតំបន់អង្គរ ព្រោះវាជាផ្នែកមួយនៃការរស់នៅរបស់ពួកគាត់ទាក់ទងនឹងជំនឿដែលផ្តាច់មិនបាន បើទោះបីវិទ្យាសាស្ត្រ និងផ្នែកសុខាភិបាលមានការរីកចម្រើនខ្លាំងក្តី។ លើសពីនោះទៀត ក៏បង្ហាញពីការដឹងគុណចំពោះបុព្វបុរសជាគ្រូបាចារ្យ ជាឪពុកម្តាយដែលបានចែកឋានទៅហើយផងដែរ មិនថាគាត់ទៅជាអ្វី ក៏នៅតែកូនចៅរាប់រកជានិច្ច។ ការចូលរួមភាពជឿជាក់ និងការឃើញរឿងហេតុអស្ចារ្យនៅក្នុងពិធី ជាអ្វីដែលធ្វើឱ្យពួកគាត់យល់ថា វត្ថុស័ក្ដិសិទ្ធិ និងបារមីនៅតែមានជីវិតរស់នៅលើដែនដីអង្គរ មិនសាបសូន្យទៅណា។ ការប្រតិបត្តិទាំងនេះ ជាការរួមចំណែកមួយក្នុងការថែរក្សាមរតកជំនឿឱ្យនៅតែមានជីវិតគ្រប់ជំនាន់ និងបញ្ជាក់ពីកំណើត អត្តសញ្ញាណរបស់ជាតិខ្មែរ ដែលមិនគួរឱ្យបាត់បង់តាមពេលវេលា៕ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://thmeythmey.com/?page=detail&id=61840

 

 

ថ្ងៃទី១៩ ឧសភា ២០២៣