ទំនៀមទម្លាប់ប្រពៃណីជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍ

សម្រាប់ប្រជាជាតិខ្មែរ ដ៏មានចំណាស់កាលយូរលង់ក្នុងប្រវត្តិសាស្រ្តនៃអាស៊ីអាគ្នេយ៍ដីគោក មានកំណត់ត្រាលម្អិត នៃរចនាសម្ពន្ធនយោបាយសម័យហ្វូណន បានចារទុកនូវឥរិយាបថជ្រាលជ្រៅព័ទ្ធពេន ល្បីរន្ទឺពេញឧបទ្វីបឥណ្ឌូចិន គឺទំនៀមជាច្រើនជាបទពិសោធជាក់ស្តែង ដូនតាបានឆ្លងកាត់មុនបន្សល់ទុកមកជាកេរដំណែល ដូចមានសូត្រចាំរត់មាត់ពីកម្រងព្រះរាជនិពន្ធនៃសម្តេចព្រះសង្ឃរាជ ជួន ណាត ថា «គេឯងតែងលើកតម្កើងតម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង»។
យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះនិយាយដល់ពាក្យ “ទំនៀមទម្លាប់” មនុស្សជាច្រើន អាចនឹងរកផ្លូវរត់គេចចេញ យកដៃគ្របត្រចៀក ឬសើចក្នុងពោះ។ មួយភាគធំ ដោយសារគំនិតចាប់យកស៊ីវិល័យ ជាពិសេសចំណោមជនវ័យក្មេង ឬក្រុមមនុស្សងប់ងល់នឹងសាកលនីយកម្ម ឌីជីថល ដោយសារកំពុងជោគជ័យលើគំនិតថ្មីខ្លះៗ ហើយចាត់ទុកថាអ្វីដែលចាស់ពីមុន ជារឿងរារាំងពួកគេ។ ដោយសារតែចំណេះដឹង បទពិសោធ ការថ្លឹងថ្លែងបានប្រាប់ថា ទំនៀមទម្លាប់គឺជាមូលដ្ឋានគ្រឹះដ៏ធំ និងតែមួយគត់នៃការអភិវឌ្ឍ។ ជំនឿរបស់មនុស្សជាតិទាំងឡាយ ដែលមាននៅលើភពផែនដីយើងនេះ មិនមែនកើតឡើងដោយការប្រឌិតនៃជនណាម្នាក់ទៅតាមអារម្មណ៍រវើរវាយ ឬដោយសារការជឿលង់យ៉ាងងងឹតងងល់នោះទេ។

ហេតុផល១៖ ប្រពៃណីទំនៀមទម្លាប់តំណាងឱ្យផ្នែកសំខាន់នៃវប្បធម៌របស់ជាតិ ជួយបង្កើតរចនាសម្ពន្ធគំនិត សីលធម៌ ជាគ្រឹះនៃគ្រួសារតូចៗ សហគមន៍ ឈានដល់សង្គមជាតិទាំងមូល។ ទំនៀមទម្លាប់តែងជួយ    រំឭកយើងថា សាច់ឈាមដែលរត់រមេញក្នុងរាងកាយយើង បានធ្វើឱ្យយើងក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តដែលកំណត់ពីអតីតកាលរបស់យើង ដែលបន្តវេន និងបន្សល់ទុកមនុស្សជំនាន់ក្រោយ។
 
ហេតុផលទី២៖ ទំនៀមទម្លាប់នីមួយៗដែលបុព្វបុរសខំតស៊ូចងក្រង បង្ហាត់បង្រៀន ថែរក្សាទុកបន្តមកមួយជំនាន់ទៅមួយជំនាន់ រួមបញ្ចូលនូវការលួងលោម បូរណភាព ការរួបរួម ដែលប្រជាជាតិខ្មែរកំពុងត្រូវការជាចាំបាច់ក្នុងសម័យកាលនេះ ឆ្ពោះទៅរកកម្លាំងផ្ទៃក្នុងរឹងមាំ និងលេចធ្លោនៅលើឆាកអន្តរជាតិ។

ហេតុផលទី៣៖ ប្រពៃណី ជំនឿ ទំនៀមទម្លាប់ ជាដួងព្រលឹងនៃការពង្រឹងគុណតម្លៃ សេរីភាព ជំនឿ សុចរិតភាព គតិអប់រំល្អៗ ការទទួលខុសត្រូវផ្ទាល់ខ្លួន ក្រមសីលធម៌ការងារ ផ្នត់គំនិតរឹងមាំ និងការច្នៃប្រឌិត ព្រោះប្រពៃណី ទម្លាប់ បានបង្កើតឱ្យជីវិតគ្រប់គ្នា ឃើញពីគំរូ និងដើរតាមអ្វីមួយដែលពិតជាមាននៅក្នុងជីវិតពិត ត្រួសត្រាយទុកមកដោយអ្នកជំនាន់មុន។

ហេតុផលទី៤៖ ប្រពៃណីផ្តល់នូវបរិបទល្អប្រសើរ សម្រាប់ការឆ្លុះបញ្ចាំង មើលត្រឡប់ក្រោយ ក្នុងនាមជាអ្នកដឹកនាំ ក្នុងនាមជាមនុស្សគំរូ ជាឪពុកម្តាយ ដែលបានប្រើប្រាស់គ្រប់ឱកាស ពង្រឹងគុណតម្លៃដល់ជំនាន់ថ្មី ថាអ្វីគួរបន្ត អ្វីគួរកែ លំអ។ល។
 
ហេតុផលទី៥៖ បុគ្គលដែលមិនចេះសិក្សា មិនគោរព មិនឱ្យតម្លៃប្រពៃណី ក្រមទំនៀមរបស់ខ្លួនឯងជាមនុស្សដែលកំពុងវង្វេង មិនស្គាល់ខ្លួនឯងថាជាអ្នកណា មកពីណា ខ្លាំងត្រង់ណា ជាមនុស្សដែលមិនស្គាល់ “ខ្លឹមពិតនៃប្រជាជាតិខ្លួនឯង”។ គុណតម្លៃ ដែលបានទ្រទ្រង់ឆ្អឹងខ្នងរបស់ប្រទេសជាតិ នឹងរសាត់ រលុបបាត់អស់ជាបន្តបន្ទាប់។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
-  https://www.kampucheathmey.com/belief/29730
-  https://www.facebook.com/104730700883067/photos/a.104743044215166/751426396213491/?type=3&locale=ms_MY