ជនជាតិភាគតិច និងជនជាតិដើមភាគតិចនៅកម្ពុជា

្រជាជនខ្មែរមាន៩០% នៃប្រជាជនប្រទេសកម្ពុជា ដោយជនជាតិវៀតណាម (៥%) ជាមួយនឹងជនជាតិចិន ចាម (ភាគច្រើនជាប្រជាជនម៉ូស្លីម) និងក្រុមជនជាតិដើមភាគតិចហៅថាខ្មែរលើ។ ជំរឿនប្រជាជនកម្ពុជានៅឆ្នាំ១៩៩៨ បានកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច១៧ក្រុម ផ្សេងៗគ្នា ប៉ុន្តែជំរឿននាពេលបច្ចុប្បន្នបង្ហាញថា មានក្រុមជនជាតិដើមភាគតិចចំនួន២៤ក្រុម នៅទូទាំងខេត្តចំនួន១៥ ក្នុងនោះមាន ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ដែលមានប្រជាជនជាជនជាតិដើមភាគតិចច្រើនជាងគេ។ ពួកគេត្រូវបានសន្មត់ថា មានចំនួនប្រមាណជា២០ម៉ឺននាក់ ឬប្រហែលជា១.២% នៃប្រជាជនសរុប។ ក្រុមជនជាតិដើមភាគតិចទាំងនេះត្រូវបានកំណត់អត្តសញ្ញាណតាមរយៈភាសារបស់ពួកគេ។ 

ភាសាជនជាតិភាគតិចមានយ៉ាងហោចណាស់១៩ភាសានៅក្នុងប្រទេសកម្ពុជា។ ភាសាទាំងនោះបែងចែងជាអំបូរភាសាពីរក្រុម៖ អំបូរអូស្ត្រូណេស៊ាន ដែលរួមមានក្រុមចារាយ និងអំបូរខ្មែរមន ដែលរួមមាន ព្រៅ គ្រឹង ទំពួន ព្នង និងកួយ។ មិនមានការកំណត់ជាក់លាក់អំពី “ជនជាតិដើម” នៅក្នុងប្រទេសកម្ពុជាទេ។ ច្បាប់ និងគោលនយោបាយ ប្រើប្រាស់ពាក្យខុសៗគ្នារួមមាន “សហគមន៍ជនជាតិដើម” “ជនជាតិដើមភាគតិច” និង“អ្នកស្រុកលើ” ប៉ុន្តែពាក្យទាំងនេះប្រើសម្រាប់ពិពណ៌នាពីក្រុមជនជាតិដើមដូចគ្នា ។ ក្រុមជនជាតិដើមទាំងនេះ រួមមាន ព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ព្នង ល្អិន លុន មិល ព័រ រដែ សំរែ សួយ ស្ពុង ស្ទៀង ថ្នូន និងទំពួន។

ជនជាតិដើមទាំងនោះបានគ្រប់គ្រងតាមបែបប្រពៃណីលើដីប្រហែល៤លានហិកតា នៃតំបន់ព្រៃដាច់ស្រយាល និងតំបន់ព្រៃស្មោង។ សុខមាលភាពរយៈពេលវែង នៃវប្បធម៌របស់ជនជាតិដើមភាគតិច ត្រូវបានផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយនឹងប្រព័ន្ធនៃការប្រើប្រាស់ដីរបស់ពួកគេ និងការទទួលបានការប្រើប្រាស់ធនធានព្រៃឈើ។ ពួកគេប្រកបរបរកសិកម្មវិលជុំ និងចិញ្ចឹមសត្វរួមផ្សំនឹងការចូលក្នុងព្រៃប្រមូលផលផ្តៅ និងវល្លិ៍ ជ័រ ក្រវ៉ាញ និងទឹកឃ្មុំ។ តម្បាញក៏ជាប្រភពចំណូលសំខាន់មួយទៀតសម្រាប់ពួកគេផងដែរ។ ប្រភពចំណូលមួយចំនួនអាស្រ័យទៅតាមតំបន់ ដូចជាការរករ៉ែត្បូងមានតម្លៃនៅខាងក្រៅក្រុងបានលុង ក្នុងខេត្តរតនគិរី។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
(https://opendevelopmentcambodia.net/km/topics/ethnic-minorities-and-indigenous-people/)