ដំណើរចុះកម្មសិក្សាលើកទី៤ ទៅកាន់សង់ទ័រអង្គរ

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំងសាខាសៀមរាប បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់សង់ទ័រអង្គរ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦។​​​ ការរៀបចំដំណើរទស្សនកិច្ចនេះគឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនាដោយផ្ទាល់ នឹងបរិស្ថានជុំវិញ ហើយក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើសពីមេរៀនក្នុងថ្នាក់ដូចជា៖ ការសិក្សាស្វែងយល់ពីរបៀបធ្វើគ្រឿងទេស ប្រេង ទៀន ធូប គ្រឿងក្រអូប រួមទាំងផលិតផលធម្មជាតិផ្សេងៗ ទៀតជាច្រើន។ ក្នុងនោះសិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗ ជាច្រើនបន្ថែម លើស្មារតីការលើកស្ទួយវិស័យកសិកម្ម និងទេសចរណ៍។ មគ្គុទេ្ទសក៍លោកបានបន្តធ្វើការណែនាំពីការបម្រុងប្រយ័ត្នពីផលិតផលធម្មជាតិទាំងនោះ និងរបៀបរក្សាទុកគ្រឿងទេស ប្រេង ទៀន ធូប គ្រឿងក្រអូប និងផលិតផលធម្មជាតិផ្សេងៗ ទៀត។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ​ ដែល​សិស្ស​ទទួល​ពីដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ ពិតជាបាន​ឆ្លុះបញ្ចាំង​ខ្លឹមសារ​មេរៀន​ទៅនឹង​ស្ថាន​ភាព​សង្គម​ជាក់ស្ដែង​ដែល​សិស្ស​បាន​យល់​ដឹង​​មួយ​កម្រិត​ទៀត។ ​ ​ ​ព្រម​ទាំងទទួលបាននូវភាពស្និតស្នាផង​ដែរ​​ ក្នុងដំណើរទស្សនកិច្ចនេះក៏បានបង្កើតជាអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់ផងដែរ ដែលមិនអាចបំភ្លេចបាន។

 

តំណរភ្ជាប់កាន់ Facebook Page