តើអ្នកអាណាព្យាបាលគួរត្រៀមអ្វីខ្លះសម្រាប់ការចូលរៀនថ្នាក់មត្តេយ្យសិក្សាលើកដំបូងរបស់កូន

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ "តើអ្នកអាណាព្យាបាលគួរត្រៀមអ្វីខ្លះសម្រាប់ការចូលរៀនថ្នាក់មត្តេយ្យសិក្សាលើកដំបូងរបស់កូន”
អត្ថបទដកស្រង់ដោយ :  គិន លីហាក់
#MJQE#AmericanInterconSchool      

ប្រសិនបើកូនរបស់អ្នកកំពុងចាប់ផ្តើមមត្តេយ្យសិក្សា អ្នកប្រហែលជាកំពុងមានអារម្មណ៍ដែលពិបាកនឹងពិពណ៌នា។ អ្នកអាណាព្យាបាលប្រហែលជានឹងមានអារម្មណ៍សោកសៅបន្តិចដែលកូនៗបានចូលរៀនជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តថ្មីរបស់គាត់ដោយគ្មានវត្តមានរបស់ពួកគាត់។ អ្នកអាណាព្យាបាលអាចជួយកុមារត្រៀមខ្លួនសម្រាប់ការចូលរៀនថ្នាក់មត្តេយ្យសិក្សាតាមរយះគន្លឹះមួយចំនួនដូចខាងក្រោម៖

ក្នុងអំឡុងពេល២សប្តាហ៍មុនពេលថ្នាក់មត្តេយ្យចាប់ផ្តើម :
-  មុនថ្ងៃចូលរៀនចាប់ផ្ដើម អ្នកអាណាព្យាបាលគួរចំណាយពេលដើរទិញសម្ភារសិក្សាបន្ថែមដូចជាកាបូបស្ពាយ ដបទឹក ប្រអប់ដាក់អាហារជាដើម (ចំពោះកញ្ចប់សៀវភៅសិក្សាគឺលោកអ្នកអាចរកបាននៅសាលារៀនដោយផ្ទាល់)។ ចូរផ្ដល់ឱកាសឱ្យកូនៗជ្រើសរើសប្រភេទ និងពណ៌នៃសម្ភារៈដែលគេចូលចិត្ត ដោយដាក់ស្លាករបស់របរជាមួយនឹងឈ្មោះរបស់កូនៗ ដើម្បីងាយស្រួលចំណាំ។
-  ការថែទាំ និងតាមដានសុខភាពរបស់កូនៗពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូចនេះអ្នកអាណាព្យាបាលត្រូវផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់ដល់លោកគ្រូ អ្នកគ្រូជំនាញផ្នែកសុខភាពកុមារនៅមត្តេយ្យសិក្សា ពីថ្នាំដែលគាត់ត្រូវប្រើប្រចាំថ្ងៃ ឬប្រវត្តិប្រតិកម្មថ្នាំផ្សេងៗពីមុនមក។
-  ត្រូវនិយាយពីពេលវេលាដែលអ្នកនឹងជូនគាត់ទៅសាលា និងយកគាត់មកផ្ទះវិញតាមម៉ោងសិក្សារបស់គាត់ ដូចនេះគាត់នឹងទទួលបានការយកចិត្តទុកដាក់ពីអ្នកអាណាព្យាបាល។ ប្រសិន បើអ្នកអាណាព្យាបាលជាប់រវល់ ត្រូវផ្ដល់ព័ត៌មានដល់សាលា និងប្រាប់សមាជិកគ្រូសារមកយកគាត់ជំនួសវិញ។
-  ក្មេងៗជាទូទៅ គឺពិតជាត្រូវការរំលឹកក្នុងការធ្វើអ្វីមួយ ដើម្បីឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់គាត់ ដូចជា ការចូលគេងពេលយប់ និងការភ្ញាក់ពីគេងនៅពេលព្រឹក។

នៅថ្ងៃចូលរៀនដំបូង :
-  ក្រោកពីគេងឱ្យបានទាន់ពេលវេលា ដើម្បីរៀបចំអាហារពេលព្រឹកសម្រាប់កូន។ អ្នកអាណាព្យាបាលគួររៀបចំអាហារសម្រន់បន្ថែមមានដូចជា នំកញ្ចប់ ផ្លែឈើ ក៏ដូចជាដបទឹក និងទឹកដោះគោកំប៉ុងបន្ថែមសម្រាប់កូនៗនៅពេលម៉ោងសម្រាកចេញលេង។
-  ពិនិត្យមើលទម្លាប់ប្រចាំថ្ងៃរបស់កូនៗដូចកាលវិភាគនៃម៉ោងសិក្សាតាមថ្ងៃនីមួយៗ របៀបដែលកូនរបស់អ្នកនឹងទៅសាលារៀន/ត្រឡប់មកផ្ទះវិញ។
-  ប្រសិនបើគាត់សម្រាកនៅសាលារៀន អ្នកគួរអនុញ្ញាតឱ្យកូនរបស់អ្នកជ្រើសរើសតុក្កតា ឬភួយសំណព្វចិត្តយកទៅសាលារៀនជាមួយគាត់ ដើម្បីឱ្យគាត់អាចគេងបានស្រួលផងដែរ។

ការបន្ធូរបន្ថយភាពតានតឹងនៃការបែកគ្នានៅថ្ងៃដំបូងរបស់កូនអ្នក :
-  អ្នកអាណាព្យាបាលអាចចំណាយពេលពី១៥-៣០នាទីនៅថ្ងៃចូលរៀនដំបូង ប្រសិនបើកូនៗមានការលំបាកក្នុងការសម្រួលអារម្មណ៍ គួរសុំការអនុញ្ញាតពីគ្រូរបស់កូនបន្ថែមទៀត។
-  អ្នកអាណាព្យាបាលគួរបង្កើតទម្លាប់លាពិសេសមួយដែលអាចលួងលោមដល់កូនៗ ដើម្បីជួយពួកគេឱ្យយល់ និងរៀបចំសម្រាប់អ្វីដែលនឹងកើតឡើងបន្ទាប់នៅសាលារៀន។
-  ប្រសិនបើកូនៗរបស់អ្នកនៅតែយំ អ្នកអាណាព្យាបាលគួរកុំរត់ទៅរកគាត់ក្នុងថ្នាក់រៀន។ អ្នកគួរនៅក្រៅថ្នាក់រៀនលួចមើលគាត់ចម្ងាយបានហើយ លោកគ្រូ អ្នកគ្រូនឹងលួងលោមគាត់បន្ថែមទៀតទៅតាមបទពិសោធនៃការបង្រៀនរបស់គាត់។ មិនយូរមិនឆាប់ កូនៗនឹងអាចសម្របខ្លួនបានហើយនៅក្នុងថ្នាក់រៀនជាមួយមិត្តភក្ដិរបស់គាត់។

អត្ថបទដកស្រង់ និងកែសម្រួលពីគេហទំព័រ